ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន ៖ សមាជិកភាព អ៊ុយក្រែន នៅណាតូជាផ្លូវ ទៅរកសន្តិភាព

ប្រភព ៖ AFP

បរទេស ៖ ថ្លែងនៅក្នុងបទសំភាស ជាមួយនឹងក្រុមអ្នកកាសែត អាល្លឺម៉ង់ លោករដ្ឋមន្ត្រីការបរទេស Dmitry Kuleba​ បានលើកឡើងថា ការអញ្ជើញរដ្ឋាភិបាលក្រុងគៀវ ចូលជាសមាជិក របស់អង្គការណាតូ ជាផ្លូវការនោះ នឹងអាចបង្កើតឲ្យមានសន្តិភាព ពាសពេញអឺរ៉ុបជាមិនខាន។

យោងតាមការចេញផ្សាយ របស់ ​RT លោក Kuleba បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន របស់ Tagesschau ទៀតថារដ្ឋាភិបាលក្រុងគៀវ ធ្លាប់បានទទួលការសន្យាថា នឹងអាចចូលរួមជាសមាជិក នៅក្នុងឆ្នាំ២០០៨ ប៉ុន្តែអាល្លឺម៉ង់ និងសមាជិកអឺរ៉ុបផ្សេងទៀត បែរជាពន្យារពេលទៅវិញ។

លោកបានបន្តទៀតដែរថា ទោះបីជាយ៉ាងណាក្តីកិច្ច ប្រជុំកំពូល របស់អង្គការណាតូ នៅក្នុងទីក្រុង Vilnius ប្រទេសលីទុយនេស៊ី នឹងក្លាយទៅជាពេលវេលា ដ៏ត្រឹមត្រូវមួយសម្រាប់អឺរ៉ុប ក្នុងការកែប្រែកំហុសមួយនេះ និងដាក់បញ្ចូល អ៊ុយក្រែន ជាសមាជិកណាតូពេញសិទ្ធ។

លោកបន្ថែមថា យើងពេញចិត្ត ចំពោះអ្វីគ្រប់យ៉ាង ដែលអាល្លឺម៉ង់ និង អាមេរិកកំពុងធ្វើ សម្រាប់អ៊ុយក្រែន ដើម្បីគាំទ្រយើងក្នុងសង្គ្រាមនេះ ប៉ុន្តែមិនយល់ស្រប ជាមួយទីក្រុងប៊ែរឡាំង ដែលថា ការអញ្ជើញចូល ទៅក្នុងអង្គការណាតូ នឹងអូសលោកខាងលិចចូល ទៅក្នុងសង្រ្គាមបើកចំហ ជាមួយរុស្ស៊ី ៕
ប្រែសម្រួល៖ស៊ុនលី

To Top