ព័ត៌មានអន្តរជាតិ

អាមេរិក ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ ទៅ​កាន់​ប្រទេស​ចិន ​ជុំវិញបញ្ហា​សិទ្ធិ​មនុស្ស

ប្រភព ៖ Kyodo

វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបង្ហាញពីការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន ​លើបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន ខណៈដែលលោកបានជួបជាមួយមន្ត្រីការទូតកំពូលចិនលោក វ៉ាង យី នៅទីក្រុងហ្សាកាតា ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។

មន្ត្រីរូបនេះបានឲ្យដឹងថា បន្ថែមពីលើការបង្ហាញពីការព្រួយបារម្ភទាក់ទងនឹងជនជាតិអ៊ុយហ្គ័រ និងក្រុមជនជាតិភាគតិចមូស្លីមផ្សេងទៀតនៅក្នុងតំបន់ស៊ីនជាំង ក៏ដូចជាចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង លោក ប្លីងឃិន ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

លោកបានបន្ដថា នៅក្នុងកិច្ចប្រជុំលើកទីពីររបស់ពួកគេ ក្នុងរយៈពេលប្រហែលមួយខែ ដែលធ្វើឡើងនៅក្រៅកិច្ច ប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អ្នកការទូតកំពូលរបស់ប្រទេសបាន “ពិភាក្សាដោយស្មោះត្រង់ និងស្ថាបនា” លើបញ្ហាផ្សេងៗ រួមទាំងវិស័យមិនចុះសម្រុង និងផ្នែកសក្តានុពលនៃកិច្ចសហប្រតិបត្តិការ។

ជុំវិញបញ្ហាទាក់ទងនឹងតៃវ៉ាន់ លោក វ៉ាង យី បានព្រមានសហរដ្ឋអាមេរិក កុំឱ្យជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ លោក Blinken នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួផ្លូវការរបស់ប្រទេស។

ភាគីទាំងពីរបានយល់ព្រមរក្សាបណ្តាញទំនាក់ទំនងបើកចំហក្នុងប៉ុន្មានសប្តាហ៍ និងខែខាងមុខ ដោយសម្លឹងឆ្ពោះទៅរកការរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅចុងឆ្នាំនេះ។

ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងភាពខុសគ្នារបស់ពួកគេ ប្រកបដោយទំនួលខុសត្រូវ និងកាត់បន្ថយហានិភ័យនៃការយល់ខុស និងការគណនាខុស ប្រទេសទាំងពីរបាននិងកំពុងពន្លឿនកិច្ចពិភាក្សាដោយលោក Blinken និងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានធ្វើទស្សនកិច្ចដាច់ដោយឡែកទៅកាន់ទីក្រុងប៉េកាំង នាពេលថ្មីៗនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឲ្យដឹងថា បេសកជនផ្នែកអាកាសធាតុរបស់សហរដ្ឋអាមេរិក លោក John Kerry នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅថ្ងៃអាទិត្យនេះ ខណៈដែលប្រទេសទាំងពីរ ក៏កំពុងពិភាក្សាផងដែរអំពីការរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាស៊ីដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Gina Raimondo នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន៕

To Top