បរទេស៖ តាមរយៈការបញ្ជាឱ្យដាក់ពង្រាយកងទ័ពបម្រុងចំនួន ៣ ០០០នាក់បន្ថែមទៀតទៅកាន់ទ្វីបអឺរ៉ុប គឺប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងរៀបចំដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅលើដីនៅអ៊ុយក្រែន។ នេះបើតាមការលើកឡើងរបស់បេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យលោក Robert F. Kennedy Jr.។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Kennedy បានសរសេរនៅលើ Twitter កាលពីថ្ងៃសុក្រ ដោយលើកហេតុផលថា លោក “Biden បានវង្វេងផ្លូវ” ហើយថា ប្រធានាធិបតីគួរ តែផ្តោតលើបញ្ហាក្នុងស្រុករបស់អាមេរិក ជាជាងការព្យាយាមដើម្បីសម្រេចបាននូវ “ការគ្រប់គ្រងយោធាជាសកល” ។
បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះ បាននិយាយថា “ខ្ញុំចង់ឱ្យប្រជាជនយល់ពីអ្វីដែលការចល័តទ័ពនេះ គឺ វានិយាយអំពីការរៀបចំសម្រាប់សង្គ្រាមជាមួយរុស្ស៊ី។
លោក Robert F. Kennedy Jr បានបន្ថែមថា គំនិតនៃការយកឈ្នះទីក្រុងមូស្គូ ក្នុងជម្លោះរបស់ខ្លួនជាមួយទីក្រុងគៀវ គឺជា “ការស្រមើស្រមៃភូមិសាស្ត្រនយោបាយដ៏ឥតប្រយោជន៍” របស់រដ្ឋបាលលោក Biden ។
លោក Kennedy បាននិយាយថា ប្រជាជនអ៊ុយក្រែន រាប់ពាន់នាក់បានបាត់បង់ជីវិតរួចទៅហើយ ដោយសារតែ “ការបង្កើតគោលនយោបាយការបរទេសរបស់អាមេរិក បានបញ្ឆោតប្រទេសរបស់ពួកគេឱ្យចូលទៅក្នុងសង្រ្គាម… ហើយឥឡូវនេះ ជាជាងទទួលស្គាល់ការបរាជ័យ, អ្នកគ្រប់គ្រង Biden ក៏ត្រៀមលះបង់ជីវិតជនជាតិអាមេរិក ផងដែរ” ។
សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ លោក Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលប្រមូលផ្តុំសមាជិកចំនួន ៣ ០០០ នាក់នៃកងទ័ពបម្រុងដែលត្រូវបានជ្រើសរើសរបស់យោធាអាមេរិក ដើម្បីបង្កើនជួរក្នុងប្រតិបត្តិការដំណោះស្រាយអាត្លង់ទិក ដែលទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមនៅអឺរ៉ុប ក្នុងឆ្នាំ ២០១៤ បន្ទាប់ពីតំបន់គ្រីមៀ បានចូលរួមជាមួយរុស្ស៊ីឡើងវិញ ក្រោយរដ្ឋប្រហារដែលគាំទ្រដោយលោកខាងលិច នៅទីក្រុងគៀវ៕ ប្រែសម្រួលៈ ណៃ តុលា