ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ី បាញ់មីស៊ីលបំផ្លាញទីតាំង របស់អ៊ុយក្រែនប្រើសម្រាប់រៀបចំ ការវាយប្រហារភេរវកម្ម ជាការសងសឹក

AFP

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា យោធារុស្ស៊ីបានធ្វើការវាយប្រហារ ទៅលើទីតាំងរបស់អ៊ុយក្រែន ដែលប្រើសម្រាប់រៀបចំ ការវាយប្រហារភេរវកម្ម។ ការវាយប្រហារនេះត្រូវបាន ធ្វើឡើងនៅក្នុងការសងសឹកចំពោះការ វាយប្រហារកាលពីថ្ងៃចន្ទលើស្ពាន គ្រីមៀ ដែលបានឆក់យកជីវិតជនស៊ីវិល២នាក់ និងបណ្តាលឲ្យកុមារម្នាក់រងរបួស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់ក្រសួងការពារជាតិរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរុស្ស៊ីនៅពេលយប់បានបើក “ការវាយប្រហារសងសឹកជាក្រុម” ដោយប្រើអាវុធដែលមានមូលដ្ឋានលើសមុទ្រ។

ក្រសួងបានបន្ថែមថា ការវាយប្រហារនេះគឺសំដៅទៅ លើកន្លែងដែលត្រូវបានប្រើប្រាស់ដើម្បីរៀបចំ “អំពើភេរវកម្ម” ប្រឆាំងនឹងប្រទេសរុស្ស៊ីដែលពាក់ព័ន្ធ នឹងយន្តហោះគ្មានមនុស្សបើក ក៏ដូចជាកន្លែងផលិតកប៉ាល់នៅក្នុងទីក្រុង Odessa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ។

លើសពីនេះ ការវាយប្រហារនេះបានកំណត់ គោលដៅឃ្លាំងផ្ទុកទំនិញនៅ Odessa និង Nikolaev ដែលមានផ្ទុកប្រេងប្រហែល ៧០ ០០០ តោន សម្រាប់យោធាអ៊ុយក្រែន។ “គោលដៅដែលបានកំណត់ ទាំងអស់ត្រូវបានវាយប្រហារ។ ភ្លើងឆាបឆេះ និងការបំផ្ទុះត្រូវបានចុះបញ្ជី នៅកន្លែងដែលត្រូវបានបំផ្លាញ»។

កាលពីថ្ងៃអង្គារ លោក Sergey Bratchuk ដែលជាប្រធានរដ្ឋបាល Odessa បានរាយការណ៍ពីការវាយប្រហារដោយ គ្រាប់មីស៊ីលលើទីក្រុងដែលពាក់ព័ន្ធនឹងមីស៊ីល Kalibr ចំនួនប្រាំមួយគ្រាប់ ប៉ុន្តែបានអះអាងថា មីស៊ីលទាំងអស់ត្រូវបានបាញ់ទម្លាក់។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា “ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ” និងអគារមួយចំនួនផ្សេងទៀតត្រូវបានខូចខាត ដោយសារការវាយប្រហារពីអាកាសនេះ។

សូមជម្រាបថា កាលពីថ្ងៃច័ន្ទ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែន ពីការវាយប្រហារភេរវកម្មលើស្ពានគ្រីមៀ ពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកពីរគ្រឿង ដែលបានបំផ្លាញផ្នែកមួយនៃផ្លូវថ្នល់ និងបានសម្លាប់ប្តីប្រពន្ធមួយគូ ធ្វើឱ្យកូនស្រីតូចរបស់ពួកគេរងរបួស។

ជាការឆ្លើយតប ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាសងសឹក ដោយកត់សម្គាល់នៅពេលនោះថា ក្រសួងការពារជាតិរុស្ស៊ីកំពុងរៀបចំ “សំណើចាំបាច់” រួចហើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top