អត្ថបទ

គម្រោង “Meet Me, Meet My Major” របស់យុវទូតនិស្សិត សាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន មានគោលបំណង ណែនាំសិស្សទី១២ ពីមុខជំនាញចំនួន ១០

“Meet Me Meet My Major” ឬ​ «ជំនាញខ្ញុំ» ជាគម្រោងសហគមន៍មួយដែលបង្កេីតឡេីងដោយយុវទូតនិស្សិត នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ក្នុងគោលបំណងចែករំលែកចំណេះដឹង ព័ត៌មាន និងគន្លឹះក្នុងការជ្រេីសរេីសជំនាញ សម្រាប់ថ្នាក់់ឧត្តមសិក្សាទៅកាន់សិស្សានុសិស្សនៃបណ្តាវិទ្យាល័យចំនួន ៣ ដែលក្នុងនោះរួមមាន វិទ្យាល័យកំពង់ស្ពឺ នៅក្នុងខេត្តកំពង់ស្ពឺ វិទ្យាល័យហ៊ុនសែនឈូក និង វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង នៅក្នុងខេត្តកំពត។

គម្រោង “Meet Me Meet My Major” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។​​​ គម្រោងនេះឆ្លុះបញ្ជាំងឲ្យឃេីញពីចក្ខុវិស័យមួយក្នុងការជួយសិស្សានុសិ​ស្សនៅវិទ្យាល័យនីមួយៗក្នុងការជ្រេីសរេីសជំនាញដើម្បី​បន្តការសិក្សានៅកម្រិតបរិញ្ញាបត្រឱ្យបានត្រឹមត្រូវ។

“ The Student Ambassadors 2023 of Paragon International University ”

គោលបំណងរបស់គម្រោង “Meet Me, Meet My Major” ត្រូវបានបង្កើតឡើងដើម្បី៖

-ផ្តល់ព័ត៌មានទាក់ទងនឹងជំនាញ សិក្សានៅសាកលវិទ្យាល័យ និងបទពិសោធន៍សិក្សាថ្នាក់បរិញ្ញាបត្រ
-ចែករំលែកគន្លឹះក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងការត្រៀមខ្លួនក្នុងការឈានជើងចូលសាកលវិទ្យាល័យ
-ណែនាំពីរបៀបជ្រេីសរេីសមុខជំនាញដ៏សមស្របសម្រាប់ថ្នាក់ឧត្តមសិក្សានិងការស្វែងរកឱកាសអាហារូបករណ៍ដ៏ច្រើនផ្សេងៗ។

“ ​រូបភាព និងសកម្មភាពរៀបចំគម្រោង Meet Me, Meet My Major របស់ក្រុមការងារ ”

ក្រុមការងារគម្រោងនឹងបែងចែកវគ្គចែករំលែកជា ៣ វគ្គធំៗរួមមាន៖
១. ការចែករំលែកទូទៅ អំពីប្រធានបទចំនួន៣៖
ការត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
វិធីសាស្រ្តក្នុងការជ្រេីសរេីសមុខជំនាញ
ភាពជានិស្សិត និងការសិក្សានៅសាកលវិទ្យាល័យ។

២. ការណែនាំអំពីមុខជំនាញ ពីមុខជំនាញចំនួន ១០ រួមមាន៖
-ជំនាញគ្រប់គ្រងពាណិជ្ជកម្ម
-ជំនាញធនាគារ និងហិរញ្ញវត្ថុ
-ជំនាញស្ថាបត្យកម្ម និងការរចនា
-ជំនាញទំនាក់ទំនងអន្តរជាតិ
-ជំនាញភស្តុភារកម្ម និងពាណិជ្ជកម្មអន្តរជាតិ
-ជំនាញវិទ្យាសាស្រ្តកំព្យូរទ័រ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន
-ជំនាញវិស្វកម្មឧស្សាហកម្ម
-ជំនាញវិស្វកម្មសំណង់ស៊ីវិល
-ជំនាញវេជ្ជសាស្រ្តពេទ្យ
-ជំនាញនីតិសាស្រ្ត (ច្បាប់)។

៣. ការចែករំលែកអំពីអាហារូបករណ៍៖ ការចែករំលែកពីព័ត៌មានអាហារូបករណ៍ទាំងក្នុង​ និងក្រៅប្រទេស ដែលរៀបចំដោយយុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ព្រមជាមួយដៃគូសហការណ៍។

ក្នុងពេលឥឡូវនេះ ក្រុមការងាររបស់យើងកំពុងធ្វើការយ៉ាងសកម្មក្នុងការរៀបចំនូវកម្មវិធី ប្រធានបទចែករំលែក និង
ហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ការរៀបចំកម្មវិធីទាំងមូល។ ការធ្វើបែបនេះ គឺដើម្បីធានានូវនិរន្តរភាព និងប្រសិទ្ធភាពនៃ
វគ្គចែករំលែក ក៏ដូចជាការចំណាយមួយដែលមានតម្លាភាព។

ទន្ទឹមនឹងនេះ កាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅ ក្រុមការងារគម្រោងក៏បានចុះទៅជួបជាមួយលោកនាយកនៃ វិទ្យាល័យទាំង២ ក្នុងខេត្តកំពតក្នុងគោលបំណងពិភាក្សាអំពីដំណើរការនៃការរៀបចំគម្រោង ក៏ដូចជាត្រួត ពិនិត្យទីតាំងសម្រាប់ ការរៀបចំនៅថ្ងៃកម្មវិធី។

តាមរយៈការជួបពិភាក្សាជាមួយលោកនាយក និងការជួបតាម ប្រព័ន្ធបណ្ដាញសង្គមកន្លងមក យើងអាចប៉ាន់ប្រមាណពីចំនួនសិស្សសរុបដែលអាចចូលរួមប្រមាណរហូតដល់ ១៥៥០នាក់ក្នុងវិទ្យាល័យទាំង ៣ ដែល​សុទ្ធសឹង​ជាសិស្សថ្នាក់ទី១២ត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។

ក្រុមការងារគម្រោងតំណាង ៦ រូប ក៏បានជួបជាមួយ​សិស្សានុសិស្សទី១២ ក្នុងការចែករំលែកព័ត៌មានបន្ថែមអំពីការប្រព្រឹត្តទៅរបស់គម្រោង ក៏ដូចជាការជជែកអំពី សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសម្រាប់ថ្នាក់ឧត្តមសិក្សាផងដែរ។

ខាងក្រោមជារូបភាព និងសកម្មភាពខ្លះៗ នៃការចុះទៅសង្កេតមើលទីតាំងដោយផ្ទាល់របស់ក្រុមការងារ

ក្រុមការងារនៃគម្រោង Meet Me, Meet My Major មានជំនឿយ៉ាងមុតមាំថា គម្រោងមួយនេះនឹងប្រព្រឹត្តទៅ
ដោយរលូនក្រោមការចូលរួមពីសំណាក់យុវទូតនិស្សិតទាំង១៦រូបផ្ទាល់ ជាមួយនឹងការសហការ របស់និស្សិតមកពី
បណ្តាសាកលវិទ្យាល័យ និងមុខជំនាញផ្សេងចំនួន១១រូបបន្ថែមទៀត។ នេះស្តែងឱ្យឃើញពីស្មារតីចូលរួមរបស់ក្រុម
និស្សិត ក្នុងនាមជាសិស្សច្បងក្នុងការចែករំលែកបទពិសោធន៍ និងគន្លឹះសម្រាប់ការត្រៀមខ្លួនក្លាយជានិស្សិតសាកល
វិទ្យាល័យ។ បន្ថែមពីនេះគម្រោងរបស់យើងក៏ត្រូវបានការចូលរួមជ្រោមជ្រែងពីសំណាក់ដៃគូសហការ និងអ្នកឧបត្ថម្ភ
កម្មវិធី ដែលអនុញ្ញាតឱ្យគម្រោងមួយនេះអាចប្រព្រឹត្តទៅតាមការគ្រោងទុក។

តាមរយៈគម្រោងមួយនេះ សិស្សានុសិស្សនឹងទទួលបាននូវបទពិសោធន៍ថ្មីនៃការចែករំលែកព័ត៌មាន បទពិសោធន៍
និងគន្លឹះមួយចំនួនក្នុងការជ្រើសរើសជំនាញមួយដែលស្របតាមចំណងចំណូលចិត្ត និងតាមមជ្ឍដ្ឋានជុំវិញជាពិសេសបានស្វែងយល់បានកាន់តែសុីជម្រៅពីមុខជំនាញនីមួយៗ។

ក្រុមការងារគម្រោងសង្ឃឹមថាគម្រោង Meet Me, Meet My Major អាចជាគន្លឹះមួយក្នុងការជួយជ្រោមជ្រែងសិស្សានុសិស្សថ្នាក់ទី១២ ទៅលើការសម្រេចចិត្តរបស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកកាន់ : studentambassador@paragoniu.edu.kh

To Top