ព័ត៌មានអន្តរជាតិ

ការទប់ស្កាត់ការនាំចេញរបស់ជប៉ុន លើឧបករណ៍ផលិតបន្ទះឈីប ទៅកាន់ប្រទេសចិនចូលជាធរមាន

Xinhua

តូក្យូ៖ ការរឹតបន្តឹងរបស់ជប៉ុន លើការនាំចេញឧបករណ៍ ផលិតបន្ទះឈីបកម្រិតខ្ពស់ បានចូលជាធរមានកាលពីថ្ងៃអាទិត្យ ស្របតាមកិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការរារាំងសមត្ថភាពរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍឧបករណ៍ អេឡិចត្រូនិកកម្រិតខ្ពស់ ដែលមានសមត្ថភាពប្រើប្រាស់ សម្រាប់គោលបំណងយោធា។

ជាមួយនឹងការកែប្រែបទប្បញ្ញត្តិ របស់ក្រសួងពាណិជ្ជកម្មក្រោមច្បាប់ប្តូរប្រាក់បរទេស ប្រទេសជប៉ុនបានបន្ថែមធាតុផលិតបន្ទះឈីបចំនួន ២៣ ដែលទាមទារការអនុម័តសម្រាប់ការនាំចេញ។ ចំណាត់ការនេះបានបង្កឱ្យមាន ប្រតិកម្មតបតពីប្រទេសចិន បើទោះបីជាប្រទេសជប៉ុន មិនបានបញ្ជាក់ថា ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក គឺជាគោលដៅចម្បងនៃ ការរឹតបន្តឹងការនាំចេញក៏ដោយ។

រដ្ឋាភិបាលក្រុងប៉េកាំង បានឲ្យដឹងថា ខ្លួននឹងទប់ស្កាត់ការនាំចេញហ្គាលីញ៉ូម និងហ្គេម៉ាញ៉ូម ដែលជាលោហៈធាតុកម្រចំនួនពីរ ដែលមានសារៈសំខាន់សម្រាប់ការ ផលិតបន្ទះឈីបនៅខែក្រោយ ក្នុងការសងសឹកជាក់ស្តែង ចំពោះការរឹតបន្តឹងការនាំចេញសារធាតុ semiconductor របស់សហរដ្ឋអាមេរិក ដែលផ្តោតលើប្រទេសចិន។

កាលពីខែតុលាឆ្នាំមុន សហរដ្ឋអាមេរិក បានដាក់ចេញនូវការត្រួតពិនិត្យ ការនាំចេញយ៉ាងទូលំទូលាយ លើបន្ទះឈីបកម្រិតខ្ពស់មួយចំនួន ដែលចិនអាចប្រើ ដើម្បីបណ្តុះបណ្តាលប្រព័ន្ធបញ្ញាសិប្បនិម្មិត និងធ្វើទំនើបកម្មយោធារបស់ខ្លួន ខណៈពេលដែលស្នើឱ្យប្រទេសជប៉ុន និងហូឡង់ដែលមានបច្ចេកវិទ្យា ផលិតបន្ទះឈីបកម្រិតខ្ពស់ ធ្វើតាម។

រដ្ឋាភិបាលហូឡង់ក៏បានប្រកាសពីការ រឹតបន្តឹងថ្មីលើការនាំចេញឧបករណ៍ semiconductor កម្រិតខ្ពស់ផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នៅក្រោមបទប្បញ្ញត្តិថ្មីនេះ បញ្ជីនៃទំនិញ ដែលបានដាក់កំហិតរបស់ប្រទេសជប៉ុន ឥឡូវនេះរួមមានឧបករណ៍ សម្រាប់សម្អាត ការត្រួតពិនិត្យ និង lithography ដែលជាបច្ចេកវិទ្យា ដែលប្រើសម្រាប់បង្កើតគំរូស្មុគស្មាញ ដែលអាចឆ្លាក់ចូលទៅក្នុង semiconductor wafers ដែលមានសារៈសំខាន់ ក្នុងការផលិតបន្ទះឈីបទំនើប ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top