ព័ត៌មានជាតិ

សម្ដេចតេជោ ប្ដេជ្ញាជំរុញប្រតិបត្តិការ ត្បូងពេជ្រកម្ពុជា-ចិន ដែលរួមចំណែកដល់សន្ដិភាពតំបន់ និងពិភពលោក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រកម្ពុជា-ចិន ដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

តាមរយៈសារលិខិតថ្លែងអំណរគុណផ្ញើជូនលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិនផ្ញើសារលិខិតពីរដ្ឋធានីប៉េកាំង អបអរសាទរជ័យជម្នះជាថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត សម្ដេចតេជោពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយមើលឃើញBIទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បន្តរីកចម្រើនទៅមុខ និងបានវិវឌ្ឍទៅជាមិត្តភាពដែកថែប។ សម្ដេចបានធានាថា នៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្តូរឡើយ ដោយផ្អែកលើមិត្តភាពជាប្រពៃណី ការជឿជាក់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

សម្ដេចតេជោបញ្ជាក់ថា «ដោយប្រទេសទាំងពីរកំពុង ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ខ្ញុំសូមបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ដ៏មុតមាំក្នុងការធ្វើការជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពន្លឿនកិច្ចប្រឹងប្រែងរួមគ្នា កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រកម្ពុជា-ចិន ដើម្បីជាផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក»៕

To Top