បរទេស៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានផ្សាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការពារជាតិរបស់រុស្ស៊ី បានបង្ហាញជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយនឹង “សំបុត្រដ៏កក់ក្តៅ” ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងពេលកិច្ចជំនួបនៅទីក្រុងព្យុងយ៉ាង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មាន KCNA ដែលគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងជើង បានផ្សាយថា ខណៈពេលដែលធ្វើជាម្ចាស់ផ្ទះជំនួបជាមួយលោក Sergey Shoigu , លោក គីម ជុងអ៊ុន បានស្នើសុំឱ្យលោក Sergey Shoigu អរគុណដល់លោក ពូទីន សម្រាប់ “លិខិតដ៏កក់ក្តៅ និងល្អរបស់គាត់” ។
ប្រមុខការពារជាតិរុស្ស៊ីបានធ្វើដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមក្នុងខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ។ លោក គីម និង លោក Shoigu បានពិភាក្សាគ្នាអំពី “ការអភិវឌ្ឍន៍បន្ថែមទៀតនៃទំនាក់ទំនងជាយុទ្ធសាស្ត្រ និងប្រពៃណីកូរ៉េខាងជើង-រុស្ស៊ី”, នេះបើយោងតាមទីភ្នាក់ងារនេះ។
លោក Shoigu បានទស្សនាការតាំងពិព័រណ៍យោធាដែលរៀបចំឡើងដោយក្រសួងការពារជាតិកូរ៉េខាងជើង ជាកន្លែងដែលគាត់បានឃើញ “អាវុធ និងឧបករណ៍ប្រភេទថ្មី” ដែលផលិតដោយឧស្សាហកម្មអាវុធរបស់ប្រទេស នេះបើយោងតាម KCNA ។
ក្នុងជំនួបជាមួយសមភាគីកូរ៉េខាងជើង លោក Kang Sun-nam , លោក Shoigu បានសាទរចំពោះ “ប្រវត្តិសាស្រ្តដ៏សម្បូរបែបនៃកិច្ចសហប្រតិបត្តិការ” រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ដោយបន្ថែមថា ការផ្លាស់ប្តូរយោធាជាទៀងទាត់បានជួយ “រក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ”៕ ប្រែសម្រួលៈ ណៃ តុលា