ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ​អះអាង​ថា កំពង់ផែរបស់ខ្លួនជាច្រើន ត្រូវបាន​ខូចខាត ពីការវាយប្រហារដោយយន្តហោះដ្រូន របស់​រុស្ស៊ី

រូបភាពពី៖​ AFP

គៀវ៖ ​អាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែជាច្រើននៅក្នុងតំបន់កំពង់ផែ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ត្រូវបានខូចខាតពេញមួយយប់កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនដ៏ធំមួយ ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី។

ការិយាល័យអគ្គរដ្ឋអាជ្ញាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជណ្តើរយន្តគ្រាប់ធញ្ញជាតិ ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ ស្ថានីយដឹកទំនិញ ក៏ដូចជាឃ្លាំង និងកន្លែងរដ្ឋបាលនៅកំពង់ផែមួយនៅលើទន្លេ Danube ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ។

យោងតាមរដ្ឋបាលយោធាតំបន់ Odesa ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៃតំបន់ក៏បានឆេះផងដែរ ដែលជាលទ្ធផល នៃការវាយប្រហារដោយយន្តហោះដ្រូន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កងការពារដែនអាកាសអ៊ុយក្រែន បានស្ទាក់ចាប់យន្តហោះដ្រូនចំនួន ១១ គ្រឿងនៅលើតំបន់ Odesa ពេញមួយយប់ ប៉ុន្ដែមិន​មាន​របាយ​ការណ៍ ​ស្តី​ពី​អ្នក​ស្លាប់​និង​របួស​ក្នុង​ការ​វាយ​ប្រហារ​នោះ​ទេ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ទីក្រុងគៀវ បានប៉ុនប៉ងវាយប្រហារលើនាវាកងទ័ពជើងទឹករុស្ស៊ី ជាមួយនឹងទូកគ្មានមនុស្សបើកមួយយប់។ កប៉ាល់រុស្ស៊ីកំពុងអមដំណើរកប៉ាល់ដឹកជញ្ជូនស៊ីវិល នៅភាគនិរតីនៃសមុទ្រខ្មៅ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថាទីក្រុងគៀវ បានប៉ុនប៉ងវាយប្រហារលើនាវាល្បាតរុស្ស៊ីពីរគ្រឿងនៃកងនាវាចរសមុទ្រខ្មៅ​ជាមួយនឹងការប្រើប្រាស់ទូកសមុទ្រគ្មានមនុស្សបើកចំនួន ៣គ្រឿង។ កប៉ាល់ល្បាតរបស់រុស្ស៊ី កំពុងបំពេញភារកិច្ចរបស់ខ្លួននៅភាគនិរតីនៃសមុទ្រខ្មៅ ចម្ងាយ ៣៤០គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Sevastopol ។ នាវា​អ៊ុយក្រែន​ទាំង ៣​គ្រឿង​ត្រូវ​បាន​បំផ្លាញ។

ក្រសួងការពារជាតិបានឲ្យដឹងថា ក្រុងគៀវ បានព្យាយាមធ្វើការវាយប្រហារមួយយប់ ដោយប្រើប្រាស់ទូកគ្មានមនុស្សបើក​ចំនួន ៣គ្រឿង បើកសំដៅទៅនាវាដឹកជញ្ជូនស៊ីវិលរបស់រុស្ស៊ី ដែលកំពុងធ្វើដំណើរទៅកាន់ច្រកសមុទ្រ Bosporus នៅភាគនិរតីនៃសមុទ្រខ្មៅ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top