ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍អំពីបញ្ហាថ្មប៉ប្រះទឹក Ren’ai នៃក្រសួងការបរទេសហ្វីលីពីន ដាស់តឿនភាគីហ្វីលីពីន ម្តងទៀតឱ្យអូសនាវាចម្បាំង ដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai ចេញភ្លាម

ថ្ងៃទី ៨ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍អំពីបញ្ហាថ្មប៉ប្រះទឹក Ren’ai នៃក្រសួងការបរទេសហ្វីលីពីន។
អ្នកនាំពាក្យបានថ្លែងថា ក្រសួងការបរទេសចិន បានលើកឡើងការតវ៉ាដ៏ម៉ឺងម៉ាត់ចំពោះភាគីហ្វីលីពីនរួចហើយ។

អ្នកនាំពាក្យបានគូសបញ្ជាក់ថា ថ្មប៉ប្រះទឹកRen’aiជាចំណែកមួយនៃប្រជុំកោះNansha របស់ប្រទេសចិន តាំងពីដើមរហូតមក។
ភាគីហ្វីលីពីនបានសន្យាយ៉ាងច្បាស់លាស់ជាច្រើនលើកច្រើនសាថា នឹងអូសនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹកRen’ai ចេញ ក៏ប៉ុន្តែ រយៈពេល ២៤ឆ្នាំបានកន្លងផុតទៅហើយ ហ្វីលីពីនមិនត្រឹមតែមិនអូសនាវានោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ុនបង់ជួសជុលនិងពង្រឹងដោយទ្រង់ទ្រាយធំដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ចំពោះថ្មប៉ប្រះទឹកRen’ai របស់ប្រទេសចិនទៀតផង។

ទង្វើរបស់ភាគីហ្វីលីពីនបានលើ្មសយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ ក៏ដូចជា «សេចក្តីប្រកាសប្រតិបត្តិបណ្តាភាគីសមុទ្រចិនខាងត្បូង» ដែលប្រទេសចិន និងបណ្តាប្រទេសអាស៊ានបានចុះហត្ថលេខា។ ភាគីចិនសូមដាស់តឿនភាគីហ្វីលីពីនម្តងទៀតឱ្យអូសនាវាចម្បាំងដែលទុកចោលនៅថ្មប៉ប្រះទឹកRen’ai ចេញភ្លាម ដើម្បីវិលទៅរកសភាពដែលគ្មានមនុស្ស និងសម្ភារៈនៅលើថ្មប៉ប្រះទឹកRen’ai ឡើងវិញ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា អ្វីដែលហៅថាសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង គឺជាទង្វើល្មើសនឹងច្បាប់អន្តរជាតិដែលក្នុងនោះបូករួមទាំង« អនុសញ្ញាច្បាប់មហាសមុទ្រ នៃអង្គការសហប្រជាជតិ » ផងដែរ ពោលគឺខុសច្បាប់និងគ្មានប្រសិទ្ធភាព។

ប្រទេសចិនមិនទទួលយកហើយក៏មិនទទួលស្គាល់ចំពោះការកាត់ក្តីនេះឡើយ ពិសេសមិនទទួលយកការផ្តួចផ្តើមនិងសកម្មភាពណាមួយដែលឈរលើការកាត់ក្តីនេះឡើយ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top