ព័ត៌មានអន្តរជាតិ

អាជ្ញាធរចិន រឹបអូសទំនិញ ជាម្ហូបអាហារដែលនាំចូលពីជប៉ុន

រូបភាពពី៖​ KYODO

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា អាជ្ញាធរនៅក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន បានរឹបអូសអាហារដែលនាំចូលពីប្រទេសជប៉ុន ដែលត្រូវបានលក់ដោយក្រុមហ៊ុនក្នុងស្រុកមួយ បន្ទាប់ពីទីក្រុងប៉េកាំងបានរឹតបន្តឹងការគ្រប់គ្រង លើការនាំចូលអាហាររបស់ប្រទេសជប៉ុន ដើម្បីឆ្លើយតបទៅនឹងផែនការរបស់ទីក្រុងតូក្យូ ក្នុងការចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មទៅក្នុងមហាសមុទ្រ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា របាយការណ៍បាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរនៅក្នុង Jiashan ដែលមានទីតាំងនៅក្នុងខេត្តបានដកហូតស្ករគ្រាប់ និងស្ករសូកូឡា ក៏ដូចជាភេសជ្ជៈដែលផលិតនៅ Fukushima និងខេត្តចំនួនពីរផ្សេងទៀត របស់ជប៉ុន កាលពីថ្ងៃទី ៧ ខែកក្កដា។ ពួកគេក៏បានបញ្ជាឱ្យក្រុមហ៊ុនកែលម្អការអនុវត្តអាជីវកម្មរបស់ខ្លួនផងដែរ។

អាហារនិងភេសជ្ជៈដែលរឹបអូសបាន គឺផលិតនៅ Fukushima, Saitama និង Nagano។
ឆ្លើយតបទៅនឹងសំណួរអំពីការរឹបអូសដែលបានរាយការណ៍នោះ ប្រធានខុទ្ទកាល័យជប៉ុនលោក Hirokazu Matsuno បាននិយាយនៅថ្ងៃពុធថា សុវត្ថិភាពនៃអាហារដែលផលិតនៅក្នុងប្រទេសជប៉ុនត្រូវបានបញ្ជាក់ដោយវិទ្យាសាស្រ្ត។

លោក Matsuno អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូថា “រដ្ឋាភិបាលនឹងបន្តជំរុញឱ្យភាគីចិនដកការរឹតបន្តឹង លើការនាំចូលអាហារពីប្រទេសជប៉ុន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top