តៃប៉ិ ៖ ប្រធានទីភ្នាក់ងារកំពូល របស់អាមេរិកនៅតៃវ៉ាន់ បានប្តេជ្ញាថា នឹងមានការប្តេជ្ញាចិត្ត “រឹងមាំ” របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការជួយដល់សមត្ថភាព ការពារស្វ័យរបស់កោះប្រជាធិបតេយ្យមួយនេះ ក្នុងអំឡុងពេលពិធីជប់លៀង ដែលចូលរួមដោយអនុប្រធានាធិបតី តៃវ៉ាន់លោកលោក Lai Ching-te កាលពីថ្ងៃពុធនៅជិតទីក្រុង San Francisco ។
លោកស្រី Laura Rosenberger ប្រធានវិទ្យាស្ថានអាមេរិក ប្រចាំកោះតៃវ៉ាន់ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា កោះដែលគ្រប់គ្រង ដោយខ្លួនឯង គឺជា “ដៃគូដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ដើម្បីរក្សាសន្តិភាព និងស្ថិរភាពពិភពលោក រួមទាំងនៅច្រកសមុទ្រតៃវ៉ាន់ ” ដោយបន្ថែមថា ការរក្សាស្ថិរភាព គឺជាគោលការណ៍ស្នូល និង គោលនយោបាយឆ្លងច្រកសមុទ្រ ដ៏យូរអង្វែងរបស់ប្រទេសនាង ។
AIT ដែលមានទីស្នាក់ការកណ្តាលនៅរដ្ឋ Virginia នៅខាងក្រៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក បម្រើការជាស្ថានទូត ជាក់ស្តែងរបស់ទីក្រុងវ៉ាស៊ីនតោន នៅតៃវ៉ាន់ និងតំណាង ឱ្យផលប្រយោជន៍របស់អាមេរិក នៅក្នុងទឹកដីនេះ ក្នុងករណីមិនមានទំនាក់ទំនង ការទូតជាផ្លូវការ ហើយសហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់អាវុធ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុត មួយរបស់កោះនេះ ។
លោកស្រី Rosenberger ក៏បានឲ្យដឹងផងដែរថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គឺ “ប្តេជ្ញាពង្រីកភាពជាដៃគូរបស់តៃវ៉ាន់ នៅក្នុងស្ថាប័នអន្តរជាតិ ដែលភាពជារដ្ឋមិនមែនជាលក្ខខណ្ឌចាំបាច់ (ចំពោះសមាជិកភាព) ក៏ដូចជាការចូលរួមរបស់ខ្លួនជាមួយដៃគូ និងសម្ព័ន្ធមិត្ត ដែលមានគំនិតដូចគ្នាដូចជាប៉ារ៉ាហ្គាយជាដើម”។
លោក Lai កំពុងធ្វើការឈប់សម្រាកនៅឆ្នេរខាងលិច របស់សហរដ្ឋអាមេរិក បន្ទាប់ពីបានចូលរួមក្នុងពិធីសម្ពោធប្រធានាធិបតីប៉ារ៉ាហ្គាយ Santiago Pena កាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
គួរបញ្ជាក់ថា ប៉ារ៉ាហ្គាយ គឺជាសម្ព័ន្ធមិត្តតែមួយគត់របស់តៃវ៉ាន់ ដែលនៅសេសសល់នៅអាមេរិកខាងត្បូង និងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៣ ដែលខ្លួននៅតែរក្សាទំនាក់ទំនងការទូតជាផ្លូវការ ៕
ប្រែសម្រួល ឈូក បូរ៉ា