Feature

នាវាទេសចរណ៍ Villa Vie Odyssey បានចាកចេញពីកម្ពុជាហើយ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវាទេសចរណ៍ Villa Vie Odyssey បានធ្វើដំណើរចាកចេញពីកម្ពុជាប្រកបដោយភាពរលូន និងសុខសុវត្ថិភាព។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការចូលចត និងការចាកចេញទៅវិញដោយរលូនរបស់នាវាទេសចរណ៍ Villa Vie Odyssey ព្រមទាំង ការបន្តការស្នាក់នៅរបស់ភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជា គឺជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីជុំវិញ ពិភពលោក។

ការយកចិត្តទុកដាក់របស់កម្ពុជាចំពោះនាវា Villa Vie Odyssey បានធ្វើឱ្យកម្ពុជាក្សាបាននូវ កេរតំណែលទឹកចិត្តមនុស្សធម៌ដ៏មានតម្លៃ បន្តតាំងពីការដឹកនាំប្រកបដោយចក្ខុវិស័យ និងទឹកចិត្តមនុស្សធម៌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam កាលពីខែមករា ឆ្នាំ២០២០កន្លងទៅ ដែលពិភពលោកបានប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូច ប៉ុន្ដែមានបេះដូងធំ»។

ទន្ទឹមនេះ ក្រសួងទេសចរណ៍ នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងវិស័យឯកជន ដើម្បីបន្តសម្របសម្រួលដល់ការធ្វើដំណើរកម្សាន្ត របស់ភ្ញៀវទេសចរអន្តរជាតិ Villa Vie Odyssey នៅកម្ពុជា៕

To Top