ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានទំលាយឲ្យដឹងថា ប្រសិនបើលទ្ធផលបោះឆ្នោតក្រោម៧៤ភាគរយ សម្តេចនឹងមិនចាកចេញពីនាយករដ្ឋមន្រ្តីនោះទេ ប៉ុន្តែដោយសារសំឡេងឆ្នោតកើនរហូតដល់ជាង៨០ភាគរយ ទើបសម្តេចបានផ្ទេរទៅឲ្យយុវជនជំនាន់ក្រោយដែលមានកិត្តិទេសាបណ្ឌិតហ៊ុន ម៉ាណែត ។
ដោយសម្តេចបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា អ្នកជំនាន់ក្រោយដែលសុទ្ធសឹងតែជាអ្នកបន្តវេនវ័យក្មេង នឹងពោរពេញទៅដោយសមត្ថភាពគ្រប់គ្រាន់ ទោះបីជាអំរែកដែលពួកគេទូរែកធ្ងន់ធ្ងរក៏ដោយ ។
ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២២ សីហា សម្តេចតេជោបានថ្លែងថា សុខភាពសម្តេចមិនទាន់មានការអន់ថយនោះទេដូច្នេះអាចធ្វើនាយករដ្ឋមន្ត្រីជាថ្មីវិញបាន បើសិនគណបក្សប្រជាជនកម្ពុជាបានធ្លាក់ចុះសន្លឹកឆ្នោត តែផ្ទុយទៅវិញការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយ ដោយសារតែឃើញលទ្ធផលបោះឆ្នោតគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលមិនធ្លាប់មានពីមុន ។
សម្តេចបានលើកឡើងថា ការចាកចេញពីតួនាទីជានាយករដ្ឋមន្ត្រីនីពេលនេះដោយសារតែជាពេលវេលាសមស្របមួយហើយ។ អ្វីដែលសំខាន់នោះគឺប្រជាពលរដ្ឋបានគាំទ្រចំពោះអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដោយបានបោះឆ្នោតគាំទ្រច្រើនហួសពីការស្មាន៕