កាលប៊ុល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ក្រសួងមហាផ្ទៃរបស់ប្រទេសអាហ្វហ្គានីស្ថានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសអាហ្វហ្គានីស្ថាន បានចាប់ខ្លួនមនុស្សចំនួន២៣នាក់ សម្រាប់តួនាទីរបស់ពួកគេ នៅក្នុងសកម្មភាពឧក្រិដ្ឋកម្ម នៅក្នុងខេត្តចំនួន ៧នៃខេត្តចំនួន៣៤ របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ ។
ក្រសួងខាងលើបានឲ្យដឹងទៀតថា ជនសង្ស័យមានជាប់ពាក់ព័ន្ធ នៅក្នុងសកម្មភាពខុសច្បាប់ ដូចជាឃាតកម្ម ប្លន់ ឆក់ទូរស័ព្ទ ក្លែងបន្លំ លួច រត់ពន្ធគ្រឿងញៀន និងបទល្មើសផ្សេងៗនៅក្នុងប្រទេស ដោយបន្ថែមថា ការស៊ើបអង្កេត បន្តកំពុងដំណើរការ ។
រដ្ឋាភិបាលប្រចាំការរបស់ប្រទេសអាហ្វហ្គានីស្ថាន បានប្តេជ្ញាថា នឹងបង្រ្កាបក្រុមឧក្រិដ្ឋកម្មនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីធានាបាននូវច្បាប់ និងសណ្តាប់ធ្នាប់នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ៕
ដោយ៖ ម៉ៅ បុប្ផាមករា