ព័ត៌មានអន្តរជាតិ

អាមេរិក បង្កប់ពាក្យអធិបតេយ្យភាពកោះតៃវ៉ាន់ ជាមួយនឹងការលក់អាវុធថ្មី

AFP

បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានយល់ព្រមលើការផ្ទេរសព្វាវុធដែលមានតម្លៃ ៨០ លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ក្រោមកម្មវិធីដែលជាធម្មតាត្រូវបាន បម្រុងទុកសម្រាប់ប្រទេសអធិបតេយ្យភាព ដែលជាទង្វើទំនងជាធ្វើឱ្យ ទីក្រុងប៉េកាំងខឹងសម្បារ ដែលចាត់ទុកកោះនេះជា ផ្នែកមួយនៃទឹកដីរបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានជូនដំណឹងដល់សមាជិកសភា ពាក់ព័ន្ធអំពីការលក់អាវុធ នាពេលខាងមុខកាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Associated Press និង Reuters ដែលទទួលបានច្បាប់ចម្លង នៃការជូនដំណឹងរបស់សភា។

ក្រសួងការបរទេសបានឱ្យដឹងថា “ការផ្ទេរនេះនឹងត្រូវបានប្រើដើម្បីពង្រឹងសមត្ថភាព ការពារស្វ័យការពាររបស់កោះតៃវ៉ាន់ តាមរយៈសមត្ថភាពការពាររួមគ្នា និងរួមបញ្ចូលគ្នា និងការពង្រឹងការយល់ដឹងអំពីដែនសមុទ្រ និងសមត្ថភាពសន្តិសុខដែនសមុទ្រ” ដោយមិនបញ្ចេញឈ្មោះ ប្រព័ន្ធជាក់លាក់ណាមួយឡើយ។

ទោះបីជាកិច្ចព្រមព្រៀងពីមុន ជាមួយទីក្រុងតៃប៉ិត្រូវបានអនុវត្ត ក្រោមអាជ្ញាធរនាំចេញផ្សេងៗគ្នាក៏ដោយ ក៏ការផ្ទេរចុងក្រោយបំផុត ត្រូវបានគេគ្រោងនឹងឆ្លងកាត់ កម្មវិធីហិរញ្ញវត្ថុយោធាបរទេស (FMF) ។ ការលក់ FMF កន្លងមក ភាគច្រើនត្រូវបានធ្វើឡើងចំពោះ រដ្ឋប្រជាជាតិពេញលេញ ដោយមានករណីលើកលែងតែ មួយគត់នៃសហភាពអាហ្រ្វិក ហើយភាសាដែលប្រើនៅក្នុងការជូនដំណឹងថ្មី អាចបង្ហាញពីអធិបតេយ្យភាពសម្រាប់កោះតៃវ៉ាន់ ដែលជាជំហរដែលចិនទំនងជាមិនទទួលយក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top