ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន Worldbridge Group គឺជាក្រុមហ៊ុនដឹកជញ្ជូន និងអចលនទ្រព្យឈានមុខគេ នៅកម្ពុជា និងក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group ដែលជាសហគ្រាសពាណិជ្ជកម្ម និងធុរកិច្ចកំពូល មួយរបស់ប្រទេសចិន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។
កិច្ចព្រមព្រៀងនេះមានគោលដៅបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរវាងក្រុង Yiwu និងកម្ពុជា ក្នុងបំណងបង្កើនការបំពេញបន្ថែមលើវិស័យឧស្សាហកម្ម ការផ្គត់ផ្គង់ និងគុណតម្លៃនៃខ្សែសង្វាក់ពាណិជ្ជកម្ម រវាងតំបន់ទាំងពីរ ដែលអាចនឹងផ្តល់ជាប្រភពធនធានដើម្បីកសាងឡើងវិញ នូវខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញប្រើប្រាស់របស់កម្ពុជា និងប្រព័ន្ធអេកូពាណិជ្ជកម្ម។ កិច្ចព្រមព្រៀង ក៏ជាការកត់សម្គាល់ផងដែរនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យធុរកិច្ច និងការធ្វើពាណិជ្ជកម្មរវាង ព្រះរាជាណាចក្រកម្ពុជា និងចិន។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីក្រុង Yiwu ប្រទេសចិន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ ក្រុមហ៊ុន Worldbridge Group តំណាងដោយអ្នកឧកញ៉ា សៀ រិទ្ធី , លោក Tan Teck Kee ជានាយកប្រតិបត្តិ, លោក Eric Chong ជានាយកគម្រោងអាស៊ី-ប៉ាស៊ីហ្វិក, និង លោក Harry Walter Martin IV ជានាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅកម្ពុជា, លោក Zhu Kan នាយកគម្រោងរបស់ប្រទេសចិន និងលោក Lim Chia Yee ជានាយកប្រតិបត្តិ J&P The Bridge Mall ។ រីឯក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group តំណាងដោយលោកប្រធាន Zhao Wenge និងលោកអគ្គនាយករង Huang Xiaoying។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group បានមានប្រសាសន៍ថា «កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Worldbridge Group និង ក្រុមហ៊ុនZhejiang Yiwu Small Commodity City Group ដែលកិច្ចសហប្រតិបត្តិការនេះ វានឹងជួយយើងក្នុងការលើកកម្ពស់បន្ថែមទៀតនូវយុទ្ធសាស្ត្រសម្រាប់ “ម៉ាកយីហោពាណិជ្ជកម្មសកល” (Global Branding) នៅក្រៅប្រទេស និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃៗទៀត»។
លោកប្រធាន Zhao Wenge បានមានប្រសាសន៍ថា «យើងមានទំនុកចិត្តយ៉ាងប្រាកដថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សម្រាប់ភាគីទាំងពីរ ហើយយើងអាចនឹងបង្កើតស្ថានភាព ឈ្នះ-ឈ្នះ រួមគ្នាសម្រាប់ព្រះរាជាណាចក្រកម្ពុជា ចិន និងទូទាំងពិភពលោក»។
សូមបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ គឺជាជំហានឆ្ពោះទៅមុខ ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Worldbridge Group និង Zhejiang Yiwu Small Commodity City Group ហើយកិច្ចព្រមព្រៀងនេះជាសញ្ញា នៃទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងកម្ពុជានិងចិន ហើយវានឹងជួយជំរុញដល់ការអភិវឌ្ឍន៍ នៃប្រទេសទាំងពីរផងដែរ៕