ម៉ារ៉ុក ៖ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ កាលពីថ្ងៃសុក្រ នៅប្រទេសម៉ារ៉ុក បានកើនឡើងដល់ ២,៩០១ នាក់ និងរបួស ២,៥០១ នាក់ផ្សេងទៀត ។
រដ្ឋាភិបាលបានឲ្យដឹងថាក្នុងចំណោមអ្នករងរបួស ១,៤០៤ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលបុគ្គលិកយោធា និងបុគ្គលិករថយន្តសង្គ្រោះបន្តប្រតិបត្តិការជួយសង្គ្រោះនៅតំបន់កណ្តាលនៃប្រទេសអាហ្វ្រិកខាងជើង។
យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង ៣០ម៉ឺន នាក់នៅក្នុងទីក្រុងម៉ារ៉ាគិច និងជាយក្រុងរបស់ខ្លួននៅកណ្តាលប្រទេសម៉ារ៉ុក បានរងផលប៉ះពាល់ដោយការរញ្ជួយដី។
មនុស្សជាច្រើនដែលជាប់នៅក្នុងផ្ទះបាក់បែកត្រូវបានជួយសង្គ្រោះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងស្វែងរកទំនងជាប្រឈមនឹងការលំបាកជាមួយនឹងផ្លូវដែលស្ទះដោយកម្ទេចកម្ទី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតមួយចំនួន គឺដាច់ស្រយាល និងជាតំបន់ភ្នំ ដូច្នេះពិបាកក្នុងទៅដល់ ដើម្បីធ្វើប្រតិបត្ដិការជួយសង្គ្រោះ” ។
ការរញ្ជួយដីដ៏ខ្លាំងនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ ជាមួយនឹងចំណុចកណ្តាលភាគខាងត្បូងនៃទីក្រុងម៉រ៉ាគិច ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមជាមួយនឹងអគារប្រវត្តិសាស្ត្រ៕
ប្រែសម្រួល ឈូក បូរ៉ា