តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វមីអូ គីស៊ីដា បានសន្យាថា នឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជំរុញការវិនិយោគ បរទេសនៅក្នុងប្រទេសជប៉ុន ខណៈដែលតម្រូវការក្នុងស្រុក នៅក្នុងសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកមួយនេះ បាននៅទ្រឹងចំពេលមានចំនួន ប្រជាជនធ្លាក់ចុះ ។
លោក គីស៊ីដា បានឲ្យដឹង នៅឯក្លឹបសេដ្ឋកិច្ច នៃទីក្រុងញូវយ៉កថា “ខ្ញុំចង់ជំរុញឱ្យអ្នកវាយតម្លៃ នូវអ្វីដែលយើងកំពុង ធ្វើនៅក្នុង ប្រទេសរបស់ខ្ញុំ រកមើលភាពរឹងមាំ នៃសេដ្ឋកិច្ចរបស់យើង និងផែនការរបស់យើង សម្រាប់ពេលអនាគត ហើយបន្ទាប់មកវិនិយោគ នៅក្នុងប្រទេសជប៉ុន” ។
សមាជិកសភា ដែលកំពុងកាន់អំណាច បានឲ្យដឹងថា រដ្ឋាភិបាល របស់លោក គីស៊ីដា ទំនងជានឹងរៀបចំផែនការចេញ កញ្ចប់គោលនយោបាយ នៅចុងឆ្នាំនេះ ដើម្បីកែសម្រួលច្បាប់ ដើម្បីបន្ធូរបន្ថយបទប្បញ្ញត្តិ ស្តីពីការវិនិយោគបរទេស ដោះស្រាយការអនុវត្តអាជីវកម្ម តែមួយគត់របស់ប្រទេសជប៉ុន និងបន្ធូរបន្ថយឧបសគ្គក្នុងការ ចូលទៅក្នុងទីផ្សារ របស់ប្រទេស។
នៅក្នុងសុន្ទរកថា របស់លោកនៅទីក្រុងញូវយ៉ក ដែលផ្តល់ជាភាសាអង់គ្លេស លោក គីស៊ីដា បានឲ្យដឹងថា ទ្រព្យសកម្មក្រោមការគ្រប់គ្រង នៅក្នុងប្រទេសជប៉ុនបានកើនឡើង ៥០ភាគរយក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដែលឥឡូវនេះឈានដល់ ៨០០ពាន់ពាន់លានយ៉េន (៥,៤ ពាន់ពាន់លានដុល្លារ)។
លោក គីស៊ីដា បានលើកឡើងថា “ដើម្បីលើកទឹកចិត្ត ដល់ការចូលថ្មីពីបរទេស យើងនឹងបង្កើតតំបន់ពាណិជ្ជកម្មពិសេស ដែលកែសម្រួលជាពិសេស សម្រាប់អាជីវកម្មគ្រប់គ្រង ទ្រព្យសកម្ម ដែលនីតិវិធីរដ្ឋបាលអាច ត្រូវបានបញ្ចប់ជាភាសា អង់គ្លេសតែប៉ុណ្ណោះ” ៕
ប្រែសម្រួល ឈូក បូរ៉ា