ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានយល់ស្របគ្នាថា វិស័យសន្តិសុខ និងយោធា គួរត្រូវពង្រឹងសហប្រតិបត្តិការ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលកងទ័ព និងការរៀបចំការជួបជុំគ្នា ។
ក្នុងឱកាសអនុញ្ញាតឲ្យលោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី២៣ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចធិបតី បានរំលេចថាប្រទេសទាំងពីរ បន្តការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងខិតខំបំពេញការងារជាមួយគ្នា សម្រេចបានជាផ្លែផ្កាចំពោះកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច ព្រមទាំងស្វែងរកវិស័យសក្ដានុពល សម្រាប់កិច្ចព្រមព្រៀងថ្មីៗទៀត។
ពាក់ព័ន្ធនឹងសន្ធិសញ្ញាអាជីវកម្ម និងវិនិយោគ (BIT) ដែលក្រុមការងារនៃប្រទេសទាំងពីរកំពុងចរចា សម្តេចធិបតី បានស្នើពន្លឿន និងឈានដល់បញ្ចប់នាពេលខាងមុខដ៏ខ្លី។ ជាការឆ្លើយតបលោករដ្ឋមន្ត្រីថា ចំពោះកិច្ចសហប្រតិបត្តិការ នឹងខិតខំស្វែងរកវិស័យដែលមានសក្ដានុពល តាមរយៈការពង្រឹងបន្ថែមភាពជាដៃគូអភិវឌ្ឍន៍។
«ចំពោះវិស័យសន្តិសុខ និងយោធា ភាគីទាំងពីរបានយល់ស្របថាគួរត្រូវពង្រឹងសហប្រតិបត្តិការ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលកងទ័ព និងការរៀបចំការជួបជុំគ្នា សម្រាប់ធ្វើការផ្លាស់ប្តូរជាទស្សនវិស័យ និងបទពិសោធន៍ ឱ្យបានទៀងទាត់ និងញឹកញាប់។ ចំពោះវិស័យទេសចរណ៍ និងវប្បធម៌ ឯកឧត្ដមរដ្ឋមន្ត្រី យល់ឃើញថា គម្រោងស្តីពីនវានុវត្តន៍ និងអភិរក្ស គួរត្រូវបានរៀបចំឡើង ខណៈដែលប្រទេសទាំងពីរ បានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ» ។
ពាក់ព័ន្ធនឹងសន្តិសុខតំបន់លោករដ្ឋមន្ត្រី បានបង្ហាញការព្រួយបារម្ភអំពីបញ្ហាកំពុងកើតមានឡើង នៅមីយ៉ាន់ម៉ា ជាពិសេសចំពោះការឆ្លងដែនដ៏គំហុករបស់ប្រជាជនមីយ៉ាន់ម៉ា អស្ថិរភាពតាមតំបន់ជាប់ព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការរៀបចំ ដែលទាំងនេះទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការស្វែងយល់ឲ្យបានច្បាស់លាស់អំពីបញ្ហាដែលជាឫសគល់ និងអំពីដំណោះស្រាយសមស្រប។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេច និងចូលរួមជាមួយអាស៊ាន នៅក្នុងកិច្ចដំណើរការដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។
ចំពោះបញ្ហានៅប្រទេសមីយ៉ាន់ម៉ា សម្តេចធិបតី បានបញ្ជាក់ថា ជម្លោះដែលកំពុងតែរីកសាយភាយ គួរត្រូវបានដោះស្រាយដោយឈរលើគោលការណ៍ច្បាប់ និងគួរមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសពីគ្រប់សមាជិកទាំងអស់របស់អាស៊ាន។
ប្រទេសទាំងពីរក៏បានប្ដេជ្ញាចិត្តជួយគាំទ្រ និងសហការគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ដែលជាប្រពៃណីនៃប្រទេសជាមិត្ត តាំងពីយូរលង់មកហើយ ៕