ភ្នំពេញ ៖ កម្ពុជា-រុស្ស៊ី បានឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្សី លើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ ។
ការឯកភាពគ្នារៀបចំកិច្ចប្រជុំនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះដែរឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានបន្តផ្តល់ការគាំទ្រ និងជំនួយដល់កម្ពុជា ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការលើកកម្ពស់វិស័យអប់រំ នៅកម្ពុជាបន្ថែមទៀត ហើយបានឆ្លៀតឱកាសនេះ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃនិស្សិតកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មថ្មីៗនេះ នៅប្រទេសអ៊ីស្រាអែល។
ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតរុស្សី ចំពោះសាររំលែកទុក្ខ និងបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងចាត់រាល់វិធានការ ដើម្បីធានាសុខសុវត្ថិភាពដល់និស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាន នៅប្រទេសអ៊ីស្រាអែល។
ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងរុស្ស៊ី ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន ៖ ពាណិជ្ជកម្មនិងការវិនិយោគ និងវប្បធម៌ ក្នុងចំណោមវិស័យជាច្រើនទៀត។ ក្នុងស្មារតីនេះ ភាគីទាំងពីរ បានឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្សី លើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើ បញ្ហាតំបន់និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ ៕