បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកនឹងដឹកនាំសម្ព័ន្ធមិត្តដែលពោរពេញទៅដោយសមត្ថភាព ក្នុងការបង្កើតកងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន រួមទាំងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅលើយន្តហោះចម្បាំង F-16ផង។
លោក Austin បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Brussels ប្រទេសបែលហ្ស៊ិកថា៖ខ្ញុំមានមោទនភាពក្នុងការប្រកាសថាសហរដ្ឋអាមេរិកនឹងឈានជើងម្តងទៀតដើម្បីជួយដឹកនាំសម្ព័ន្ធនៃបណ្តាប្រទេសដែលធ្វើការជាមួយអ៊ុយក្រែនក្នុងការអភិវឌ្ឍកងកម្លាំងអាកាសរបស់ខ្លួន។
លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន និងដៃគូផ្សេងទៀត ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែន។
ទោះបីជាយ៉ាងណាក្តីកន្លងមកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានថា ប្រសិនបើយន្តហោះ F-16 ត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន ពួកគេនឹងត្រូវកំទេចដូចផ្នែករឹងរបស់លោកខាងលិចផ្សេងទៀត ដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវ៕
ប្រែសម្រួល៖ស៊ុនលី