ព័ត៌មានអន្តរជាតិ

ក្រុមសិស្សនិស្សិតប្រកាសថា ការបិទខ្ទប់សាលារៀន នៅបារាំងនឹង ចាប់ផ្តើមឡើងវិញ ចាប់ពីថ្ងៃចន្ទ

​ទីក្រុងប៉ារីស៖ ប្រធានក្រុមសិស្ស និស្សិតមួយរូបបានថ្លែងថា យុទ្ធនាការបិទខ្ទប់វិទ្យាល័យនានា នឹងចាប់ផ្តើមឡើងវិញ ចាប់ពីថ្ងៃចន្ទ (ទី២ ខែវិច្ឆិកា) ដោយបានបន្ថែមថាសំណើដោះស្រាយរបស់រដ្ឋាភិបាលនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
​កាលពីថ្ងៃសៅរ៍ មនុស្សរាប់សែននាក់ រួមទាំងសិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ បាននាំគ្នាដើរដង្ហែ តាមដងផ្លូវទូទាំងប្រទេសបារាំង សម្រាប់ការតវ៉ាចុងសប្តាហ៍ ជាលើកទី៣ ជាប់ៗគ្នា នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​លោក ព្យែរ សួរហ្សាត (Pierre Sourzat) ប្រធានក្រុមសិស្សវិទ្យាល័យឈ្មោះ “Lyceens!” បានមានប្រសាសន៍ថា វិទ្យាល័យមួយចំនួននឹងត្រូវបិទខ្ទប់ចាប់ពីថ្ងៃចន្ទ នៅពេលដែលសិស្សានុសិស្សត្រឡប់ មកពីការឈប់ សម្រាកវិស្សមកាលរយៈពេលពីរសប្តាហ៍វិញ។

​លោកបានប្រាប់ស្ថានីយទូរទស្សន៍ RMC កាលពីថ្ងៃអាទិត្យថា៖ “ទំហំនៃការតវ៉ានឹងកាន់តែធំដុំចាប់ពីថ្ងៃអង្គារ ប៉ុន្តែយើងដឹងថាសាលារៀនមួយចំនួន នឹងត្រូវបិទខ្ទប់តាំងពីថ្ងៃស្អែកម៉្លេះ។ យើងគាំទ្រសមមិត្តរបស់យើងទាំងអស់ ដែលកំពុងបិទសាលារៀនរបស់ពួកគេចាប់ពីថ្ងៃស្អែក”។

​ចលនាតវ៉ានៅប្រទេសបារាំងប្រឆាំង នឹងការឡើងថ្លៃទំនិញ បានកើតចេញពីបាតុកម្មដែលអូសបន្លាយ ជាច្រើនសប្តាហ៍ដោយសិស្សវិទ្យាល័យ ដែលតវ៉ាប្រឆាំងនឹងការធ្លាក់ចុះនៃលក្ខខណ្ឌសិក្សា និងវិសមភាពសង្គម។

​រដ្ឋាដ្ឋាភិបាលបានប្រកាសនូវវិធានការមួយចំនួនក្នុងគោលបំណងដោះស្រាយការទាមទាររបស់ក្រុមសិស្សនិស្សិតតវ៉ា ដែលក្នុងនោះរួមមានការផ្លាស់ប្តូរប្រព័ន្ធចុះ ឈ្មោះចូលសាកលវិទ្យាល័យថ្មី និងការផ្តល់ប្រាក់កម្ចីសម្រាប់ការជួស ជុលសាលារៀនជាដើម។ ប៉ុន្តែ ក្រុមសិស្សនិស្សិតបានលើកឡើងថា សំណើទាំងនេះនៅមិនទាន់មានភាពគ្រប់គ្រាន់ឡើយ។

​កាលពីថ្ងៃសៅរ៍ អ្នកស្រី សាប្រ៊ីន ខាបាច់ (Sabrine Kharbach) អ្នកនាំពាក្យសហភាពនិស្សិត (Union Etudiante) បាននិយាយថា ការបិទខ្ទប់សាកលវិទ្យាល័យ និងវិទ្យាល័យ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។

​ចំណែកឯ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានអំពាវនាវឱ្យការសិក្សាបន្តដំណើរការឡើងវិញដោយស្ងប់ស្ងាត់ ដោយលោកបានលើកឡើងថា “សំឡេងរបស់យុវជនត្រូវបានគេស្តាប់ឮរួចហើយ”។

​ទោះជាយ៉ាងណាក៏ដោយ លោក Sourzat បានវាយបកវិញថា “លោកប្រធានាធិបតីមិនបានស្តាប់ពួកយើងទេ”។ លោកបានបញ្ជាក់ថា៖ “វាគ្រាន់តែជារូបភាពបោកបញ្ឆោតភ្នែកប៉ុណ្ណោះ។ វាគ្រាន់តែល្អមើលពីសំបកក្រៅ ប៉ុន្តែនៅពេលអ្នកកោសរំលីងវាទៅ គឺគ្មានអ្វីនៅខាងក្នុងនោះទេ”។

​ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) មួយនេះកំពុងឈានទៅរកការដើរថយក្រោយនៃសេដ្ឋកិច្ច និងស្ថិតក្រោមសម្ពាធក្នុងការទប់ស្កាត់បំណុលរបស់ខ្លួន រដ្ឋាភិបាលហាក់មានដែនកំណត់ និងជម្រើសតិចតួចណាស់ ក្នុងការលួងលោមក្រុមនិស្សិត តវ៉ាតាមរយៈការដំឡើងការចំណាយថវិកាបន្ថែម។

ប្រែសម្រួល៖ គីរី

To Top