ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន ។
សូមរំលឹកថា គោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” បាន និងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុក ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺ “កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ”៕