ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា សកម្មភាពរបស់ជនមានពិការភាព ដែលបាននិងកំពុងច្រៀង លក់ដូរ និងធ្វើសកម្មភាពផ្សេងៗ នៅតាមទីសាធារណៈ គឺជាសិទ្ធិរបស់ពួកគេ តែទង្វើបែបនេះ បានធ្វើឲ្យរាជរដ្ឋាភិបាលមានការព្រួយបារម្ភជាខ្លាំង ។ ជាមួយនឹងការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលនេះ បើតាមឯម ច័ន្ទមករា ក៏បានផ្តល់ដំណោះស្រាយដល់ពួកគាត់ផងដែរ ។
នេះបើតាមការផ្សាយក្នុងបណ្តាញតេឡេក្រាមរបស់ក្រសួង ក្នុងឱកាសលោក លោក ឯម ច័ន្ទមករា ជួបសំណេះសំណាលជាមួយ ជនមានពិការភាពសរុបចំនួន១៣០រូប ដែលច្រៀងនៅតាមសាធារណៈ នាថ្ងៃ២ វិច្ឆិកា ។
លោកឲ្យដឹងថា បញ្ហាដែលរាជរដ្ឋាភិបាលខ្វល់ខ្វាយនោះ ទី១-ស្ថានភាពសុខភាព , ទី២-គ្រោះថ្នាក់ចរាចរណ៍ , ទី៣-សេចក្ដីថ្លៃថ្នូរ និងទី៤-កិត្តិយសជាតិ។
លោកបានពន្យល់ពីការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលថា «ដូចបងប្អូនបានដឹងហើយថា ប្រទេសយើងមានអាកាសធាតុប្រែប្រួលមិនទៀង ពេលខ្លះក្ដៅខ្លាំង មានភ្លៀង ខ្យល់កន្ត្រាក់ រន្ទះ ដែលទាំងនេះអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពបងប្អូន។ នៅតាមផ្លូវសាធារណៈ និងភ្លើងស្តុបនានាសម្បូរទៅដោយយានយន្ត ធ្វើចរាចរណ៍យ៉ាងមមាញឹកហើយមានពេលខ្លះ ការបើកបរមានការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ ជាយថាហេតុដល់អាយុជីវិត របួសស្នាម ឬធ្វើឲ្យមានពិការភាពផ្សេងទៀត»។
លោកឯម ច័ន្ទមករាថា «ផ្នត់គំនិតរបស់ប្រជាជនយើងអាច វាយតម្លៃថាសកម្មភាពរបស់បងប្អូន គឺជាការសុំទានដែលមិនមែនជា សកម្មភាពលើកកម្ពស់សិទ្ធិ និងសេចក្ដីថ្លៃថ្នូរបស់បងប្អូន ដែលផ្ទុយពីប្បញ្ញត្តិនៃអនុសញ្ញា ស្ដីពីសិទ្ធិជនមានពិការភាព និងច្បាប់ជាតិរបស់យើង ហើយសកម្មភាពរបស់បងប្អូន នៅតាមទីសាធារណៈមិនបានជួយលើក មុខមាត់ប្រទេសជាតិយើងឡើយ តែវាបានធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ហើយប៉ះពាល់ដល់វិស័យទេសចរណ៍យើងផងដែរ»។
ចំពោះបញ្ហានេះ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ចាប តូ បានលើកទឹកចិត្តដល់ជនមានពិការភាព ក្រៅពីច្រៀងតាមភ្លើងស្តុប គួរស្វែងរកមុខរបរសមរម្យណាមួយ ដោយរកកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា។
ក្រោយស្តាប់ពីខាងក្រសួងហើយ ជនមានពិការភាពជាច្រើននាក់ បានលើកសំណើដូចគ្នាៗ ដោយស្នើក្រសួងសង្គមកិច្ច ជួយសម្រួលដល់ពួកគេមានលទ្ធភាពច្រៀង និងលេងភ្លេងនៅតាមកម្មវិធីមង្គលការ និងកម្មវិធីផ្សេងៗ និងជួយសម្រួលឲ្យពួកគេ បន្តច្រៀងនៅតាមភ្លើងស្តុប ព្រមទាំងស្នើក្រសួង ពិនិត្យមើលលទ្ធភាពដល់ ជនមានពិការភាពបានចូលក្របខណ្ឌរដ្ឋ។
ជាការឆ្លើយតប តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា នឹងយកទៅពិនិត្យ និងសិក្សាអំពីអាទិភាព និងលទ្ធភាពណាមួយ ដើម្បីធ្វើយ៉ាងណាជួយជនមាន ពិការភាពមានជីវភាពល្អប្រសើរទ្បើងវិញ។
ប៉ុន្តែ លោក ឯម ច័ន្ទមករា ក៏បានលើកទឹកចិត្តឲ្យជនមាន ពិការភាពរកប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុចំណាន ដែលមិនមានការយកការប្រាក់ ដើម្បីជាដើមទុនក្នុងការប្រកបរបរចិញ្ចឹមជីវិត ទោះរាជរដ្ឋាភិបាលមានគោលនយោបាយ ផ្តល់របបឧបត្ថម្ភជូនដល់ជនមានពិការភាពក៏ដោយ ប៉ុន្តែពុំអាចជួយបានគ្រប់គ្រាន់នោះទេ ។ ក្នុងនោះលោកនឹងពិនិត្យទៅលើ ការកែសម្រួលលិខិតបទដ្ឋាន ដើម្បីបង្កើនរបបឧបត្ថម្ភដល់ជន មានពិការភាពបន្ថែមស្របតាមសេដ្ឋកិច្ច និងតម្រូវការបច្ចុប្បន្ន ៕