ភ្នំពេញ៖នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា នៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ និវត្តជន និងយុទ្ធជនពិការ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការពារបូរណភាពទឹកដី និងការកសាង ការពារសុខសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ការលើកឡើងរបស់លោកបែបនេះ ធ្វើឡើង ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលនិវត្តន៍ យោធិនពិការ ផ្ទេរចេញពីកងយោធពល ខេមរភូមិន្ទ ឆ្នាំ២០២៣ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចលេខ៧០។
ក្នុងឱកាសនោះ លោកនាយឧត្ដមសេនីយ៍ បានកោតសរសើរ និងដឹងគុណ ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ចំពោះនិវត្តជន និងយុទ្ធជនពិការទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងមួយជីវិត ដើម្បីរួមចំណែកដល់ការស្តារ កសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ។
លោក វង្ស ពិសេន បានបញ្ជាក់ថា ការដាក់ឱ្យយោធិនចូលនិវត្តន៍ និងផ្ទេរយោធិនពិការ ចេញពីជួរកងយោធពលខេមរភូមិន្ទពេលនេះ គឺជាការអនុវត្តទៅតាមបញ្ញត្តិ នៃច្បាប់ ដែលបានអនុវត្តជារៀងរាល់ឆ្នាំ ហើយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោពលខេមរភូមិន្ទ នៅតែបន្តយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ស្រឡាញ់រាប់អានជាបងប្អូន ក្នុងនាមអតីតយុទ្ធមិត្ត។
លោក ក៏បានលើកពីគុណសម្បត្តិយោធិន ចូលនិវត្តន៍ និងយុទ្ធជនពិការ ដែលបានបន្សល់ទុក សម្រាប់សង្គមជាតិ រួមមាន៖ ការចូលរួមផ្តួលរំលំរបបប្រល័យពូជសាសន៍ ការចូលរួមអនុវត្តន៍យោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាំមកនូវសន្តិភាព និងការឯកភាពជាតិ ការចូលរួមថែរក្សាសន្តិសុខ សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងវិស័យការពារជាតិ និងកំណែទម្រង់កងយោធពលខេមរភូមិន្ទឱ្យរៀបរយរឹងមាំ ជាដើម។
លោកអគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់និវត្តជននិងយុទ្ធជនពិការ ឲ្យបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ហើយរាជរដ្ឋាភិបាលនិងកងយោធពលខេមរភូមិន្ទ នៅតែចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេង របស់និវត្តជននិងជនពិការ ចំពោះជាតិមាតុភូមិនាពេលកន្លងមក។
ជាមួយនោះ លោកអគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ គ្រប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ បន្តចូលរួមជួយឧបត្ថម្ភគាំទ្រ ដល់និវត្តជននិងយុទ្ធជនពិការ ជាពិសេសអ្នកជួបការលំបាក ដោយប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងរួមគ្នាការពារសន្តិភាព ការពាររាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនថែមទៀត៕