ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ ឆែកតែងតែចូលរួមគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា លើគ្រប់វិស័យ ពិសេសវិស័យសុខាភិបាល

ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែកប្រចាំកម្ពុជានៅថ្ងៃ៣ វិច្ឆិកា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ឆែក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា ឆែកតែងតែចូលរួមគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល តាមរយៈគម្រោងគាំពារសុខភាពមាតា និងទារកនៅមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ និងជំនួយហេដ្ឋារចនាសម្ព័ន្ធ នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋឆែក ជាពិសេស ឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានថ្លែងអបអរសាទរ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកអគ្គរដ្ឋទូតបានជម្រាបជូនអំពីគម្រោងជំនួយបំពាក់សម្ភារៈ នៅមន្ទីរពេទ្យកុមារជាតិ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងឆ្នាំ២០២៤ ខាងមុខនេះ។

ឯកអគ្គរដ្ឋទូត ក៏បានសន្យាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឆែក លើវិស័យសុខាភិបាល រួមមានការផ្តល់អាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលរួមគ្នា បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្ររវាងគ្រឹះស្ថានបណ្តុះបណ្តាលធំពីរ នៅប្រទេសកម្ពុជា គឺសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕

To Top