ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សោកស្តាយចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការលុបចោលការផ្តល់សច្ចាប័ន​ លើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ

xinhua

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ​។

លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់តាំងពីការអនុម័តសន្ធិសញ្ញានេះ ប្រទេសរុស្ស៊ី គឺជាអ្នកដឹកនាំក្នុងការស្វែងរកការនាំយក CTBT ចូលជាធរមាន ដោយវាទាក់ទងនឹងការមើលឃើញការបញ្ច្រាសនៃនិន្នាការនេះ” ។

CTBT មានសារៈសំខាន់សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា វាគឺជាធាតុសំខាន់នៃពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋទាំងអស់ ជាពិសេសរដ្ឋ ដែលការផ្តល់សច្ចាប័នគឺត្រូវបានទាមទារ សម្រាប់ការចូលជាធរមាននៃសន្ធិសញ្ញា គួរតែផ្តល់សច្ចាប័នលើ CTBT ដោយគ្មានការពន្យាពេល ឬលក្ខខណ្ឌជាមុន។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្នុងរយៈពេលបណ្តោះអាសន្ន រដ្ឋអាវុធនុយក្លេអ៊ែរគួរតែរួមគ្នាបញ្ជាក់ឡើងវិញនូវការផ្អាកការសាកល្បងរបស់ពួកគេ ហើយប្តេជ្ញាថានឹងមិនចាត់វិធានការណាមួយ ដែលនឹងបំផ្លាញវត្ថុ និងគោលបំណងនៃសន្ធិសញ្ញានេះទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើច្បាប់មួយ ដែលលុបចោលការផ្តល់សច្ចាប័នរបស់រុស្ស៊ីលើ CTBT ។ រុស្ស៊ី​បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​នេះ​ក្នុង​ឆ្នាំ២០០០ ខណៈ​អាមេរិក​មិន​ទាន់​បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​នេះ​នៅ​ឡើយ​ទេ។

ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃសុក្រថា រុស្ស៊ីនៅតែប្តេជ្ញាចិត្ត ចំពោះសន្ធិសញ្ញា និងកាតព្វកិច្ចរបស់ខ្លួន បើទោះបីជាការសម្រេចចិត្តលុបចោលការផ្តល់សច្ចាប័នរបស់ខ្លួនក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកធ្វើតេស្ដសាកល្បងពេញលក្ខណៈនៅទីតាំងរដ្ឋ Nevada របស់ខ្លួន ដូចដែលរបាយការណ៍មួយចំនួនបានលើកឡើងនោះ ប្រទេសរុស្ស៊ី នឹងត្រូវ “ធ្វើសកម្មភាពក្នុងលក្ខណៈកញ្ចក់ ដែលជាការឆ្លុះបញ្ចាំង”។

CTBT ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៩៦ គឺជាកិច្ចព្រមព្រៀងពហុភាគី ដែលហាមឃាត់រាល់ការសាកល្បងការផ្ទុះនុយក្លេអ៊ែរ ដែលធ្វើឡើងក្នុងគោលបំណងសន្តិភាព ឬយោធា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top