ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងអំណរគុណ ក្រុមហ៊ុនជប៉ុន ដែលបន្តបណ្តុះបណ្តាល សាលាបច្ចេកទេស នៅកម្ពុជា

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនជប៉ុន ដែលបន្តផ្តល់កិច្ច សហការបណ្តុះបណ្តាល ធនធានមនុស្ស ដល់សាលាមធ្យម សិក្សាបច្ចេកទេស ហ៊ី វ៉េ សេលើជំនាញជួសជុល និងថែទាំរថយន្ត រួមទាំងគម្រោងបណ្តុះបណ្តាល សមត្ថភាពសិក្ខាកាម របស់កម្ពុជា នៅប្រទេសជប៉ុន តាមរយៈគម្រោងកម្មសិក្សា ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងពេលជំនួបជាមួយ លោក តាកាហាស៊ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះ ភាគីជប៉ុន បានលើកឡើងពីគម្រោង ពង្រីកវិសាលភាព និងការពង្រឹងសមត្ថភាព របស់សាលាមធ្យម សិក្សាបច្ចេកទេស ហ៊ី វ៉េ សេដើម្បីឆ្លើយតបនិង តម្រូវការនាពេលបច្ចុប្បន្ន។

ក្នុងកិច្ចពិភាក្សាប្រកបដោយភាព ស្និទ្ធស្នាលនោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានពិភាក្សាអំពីលក្ខខណ្ឌការងារ និងឱកាសនៃការពង្រីក ទីផ្សារការងារ នៅប្រទេសជប៉ុន រួមទាំងការពង្រីកលទ្ធភាព នៃកិច្ចសហការផ្សេងទៀត ដែលក្រុមហ៊ុនជប៉ុន មើលឃើញពី សក្តានុពលនៅកម្ពុជា ។

មួយវិញទៀត លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនក្រុម ហ៊ុនជប៉ុនថា តាមរយៈគោលនយោបាយ និងកម្មវិធីអាទិភាព របស់ក្រសួង ដែលស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងធ្វើឱ្យកម្ពុជា មានកម្លាំងពលកម្ម ជំនាញកាន់តែច្រើនដើម្បីធានាប្រសិទ្ធភាពនៃផលិតកម្ម និងផលិតភាពខ្ពស់ ដែលជាតម្រូវការ របស់ក្រុមហ៊ុនវិនិយោគ។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនសមាគមជប៉ុន-កម្ពុជាថា ក្នុងក្របខណ្ឌវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង បានត្រៀមលក្ខណៈសម្បត្តិជួយក្រុមហ៊ុនជប៉ុន ដែលមានបំណង បោះទុនវិនិយោគ នៅកម្ពុជា ៕

To Top