ព័ត៌មានជាតិ

លោក ហេង សួរ ៖ រយៈពេល៦ថ្ងៃ យុវជនមកពីគ្រួសារក្រីក្រ ជាង១៦០០នាក់ បានចុះឈ្មោះចូលរៀនជំនាញ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មកទល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះមានយុវជនប្រមាណ១៦០៨ នាក់ បានមកចុះឈ្មោះចូលរៀន វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅទូទាំងប្រទេស ។

ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិតចំនួន១៨ ១០៨ នាក់មកពីបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាន ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថាក្នុងចំណោម១៦០៨ នាក់ដែលបានចុះឈ្មោះ ក្នុងនោះមានរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងបណ្តាខេត្តមួយចំនួនទៀត ។

លោកបន្ថែមថា យុវជន ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានចុះឈ្មោះចូល រៀនវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនេះនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨០០០០រៀល ក្នុងមួយខែ ហើយរៀន ដោយពុំបង់ថ្លៃនោះទេ ។

លោកលើកឡើងថា ដើម្បីជំរុញដល់យុវជន ឱ្យមកចុះឈ្មោះចូលរៀនបន្ថែមទៀត ក្រសួងការងារ នឹងសហការជាមួយ ក្រុមការងាររាជរដ្ឋាភិបាលគ្រប់ក្រុង ស្រុក ខណ្ឌ សង្កាត់ ដើម្បីជួបផ្ទាល់ ជាមួយបងប្អូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីពន្យល់អំពីអត្ថប្រយោជន៍នៃកម្មវិធីនេះ
ទៅពួកគេ ។
លោកថា «ដើម្បីឱ្យការបណ្តុះបណ្តាលនេះ ជោគជ័យក្រសួងការងារ កំពុងតែខិតខំសម្រេចឱ្យបាន នូវបាវចនារបស់សម្តេចធិបតីគឺ រៀនឱ្យចប់ រៀនឱ្យចេះ រៀនឱ្យមានការងារធ្វើ» ។

លើសពីនេះទៅទៀត លោកបញ្ជាក់ថា ក្រសួងការងារបាន និងកំពុងធ្វើកិច្ចសហការជាមួយវិស័យ ឯកជនធ្វើយ៉ាងណា អាចឱ្យវិស័យឯកជន ទាំងនោះទទួលយកសិស្សដែលបានរៀន វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះឱ្យចូលហាត់ការបាន ។

ការលើកឡើងនេះបន្ទាប់ពីថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឱ្យអនុវត្តជាផ្លូវការ នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ៕

To Top