ព័ត៌មានជាតិ

អាជ្ញាធរទន្លេសាប និងគណ:អភិបាល ខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំក្រុមការងារ ពិនិត្យតាមដាន និងអធិការកិច្ច ដែនព្រៃលិចទឹក និងព្រៃលិចទឹក ក្នុងខេត្តកំពង់ឆ្នាំង

ភ្នំពេញ ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហ៊ែល តូនី អនុប្រធានទទួលបន្ទុកក្តាប់រួម អាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារ ទទួលបន្ទុកក្តាប់រួម ចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ច ដែនព្រៃលិចទឹក និងព្រៃលិចទឹក តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្រី្ត ក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃអាជ្ញាធរទន្លេសាប ចូលរួមកិច្ចប្រជុំពិនិត្យតាមដាន និងអធិការកិច្ចដែន ព្រៃលិចទឹក និងព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដែលមានការចូល រួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រុមការងារបច្ចេកទេស របស់អាជ្ញាធរទន្លេសាប ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសតំណាងក្រសួងស្ថាប័នថ្នាក់ជាតិ រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងមហាផ្ទៃ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសាធារណការ និងដឹកជញ្ជូន, ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីបច្ចេកទេសសាលា ខេត្តកំពង់ឆ្នាំង, មន្ទីរជំនាញពាក់ព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង និងអាជ្ញាធរដែនដីរដ្ឋបាលថ្នាក់មូលដ្ឋានពាក់ព័ន្ធ នៃស្រុក/ឃុំ/ភូមិពាក់ព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង ចំនួន ៧៧នាក់។

កិច្ចប្រជុំបានពិភាក្សាលេីចំនុចមួយចំនួនដូចខាងក្រោម ៖
១- លទ្ធផលសិក្សាស្រាវជ្រាវ របស់ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប

២- ពិភាក្សាលើបញ្ហាពាក់ព័ន្ធ (តំបន់ ១ តំបន់ ២
និងតំបន់ ៣)

៣- ចែករំលែក និងផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ តំបន់១, តំបន់២ និងតំបន់ ៣ ក្នុងខេត្តកំពង់ឆ្នាំង

៤- កិច្ចសហការពីថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីមូលដ្ឋានពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង ក្នុងការ ចូលរួមការពារ ថែរក្សាធនធានធម្មជាតិ និងបរិស្ថាន តំបន់ ១ តំបន់ ២ និងតំបន់ ៣

៥- ការដាក់ផែនការ/កម្មវិធីចុះអនុវត្តការងារតាមតំបន់ជាក់ស្តែង ក្នុងខេត្តកំពង់ឆ្នាំង ។

បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរមតិយោបល់ប្រកបដោយការទទួលខុសត្រូវខ្ពស់រួចមក កិច្ចប្រជុំបានឯកភាពគ្នា ដូចខាងក្រោម ៖

១. អង្គប្រជុំ បានយល់ស្រប បន្តកិច្ចសហការ រវាងថ្នាក់ខេត្ត មន្ទីរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចុះធ្វេីការពិនិត្យផ្ទៀងផ្ទាត់តាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ។

២. ផ្ទៀងផ្ទាត់ចំណុចលម្អៀង នៃទិន្នន័យ របស់អាជ្ញាធរទន្លេសាប និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ឆ្នាំង ។

៣. ឯកភាពប្រើប្រាស់ទិន្នន័យផែនទី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាគោល ។ រាល់ទិន្នន័យដែលពាក់ព័ន្ធ គឺអាចស្នើសុំមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រសិនបើមានតម្រូវការចាំបាច់។

៤. ឯកភាពចែករំលែកទិន្នន័យ ព័ត៌មានរួម និងបច្ចេកទេស រវាងស្ថាប័នពាក់ព័ន្ធ ។

៥. ការដាក់ផែនការ កម្មវិធីចុះអនុវត្តការងារ តាមតំបន់ជាក់ស្តែង ក្នុងខេត្តកំពង់ឆ្នាំង ។

៦. អនុវត្តតាមស្មារតីខ្លឹមសារ អនុក្រឹត្យលេខ ១៩៧ ។

សូមបញ្ជាក់ថា អាជ្ញាធរទន្លេសាប បានចេញសេចក្ដី សម្រេចលេខ ២៣៦ អទស នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ស្តីពីការបង្កើតក្រុមការងារ ចុះតាមដានពិនិត្យ និងធ្វើអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ស្ថិតក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ) ៕

To Top