ព័ត៌មានជាតិ

វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយ ការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ បានបញ្ចប់ ជាមួយនឹងការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធក្នុងវិស័យ ក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ កិច្ចការពារអតិថិជន និងការគាំពារអតិថិជនក្នុងពេលលំបាក តាមរយៈការរៀបចំឥណទានឡើងវិញ ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

ការប្តេជ្ញាចិត្តនេះបានធ្វើឡើងនៅក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ បរិយាបន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជាដោយមានការចូលរួមពីអ្នកបង្កើតគោលនយោបាយ សេដ្ឋវិទូ ថ្នាក់ដឹកនាំអាជីវកម្ម ថ្នាក់ដឹកនាំធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតសរុបចំនួន ៣២០នាក់ ដើម្បីពិភាក្សាអំពីនិន្នាការ និងបញ្ហាប្រឈមចុងក្រោយបំផុតនៅក្នុងវិស័យ។

នៅក្នុងសន្និសីទ ភាគីពាក់ព័ន្ធបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់និងពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន។ ស្របពេលជាមួយគ្នានេះដែរ តាមរយៈអង្គសន្និសីទ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានជំរុញ សមាជិករបស់ខ្លួនឱ្យពិនិត្យមើលលទ្ធភាពក្នុងការជួយអតិថិជនតាមរយៈការរៀបចំឥណទានឡើងវិញ ទៅតាមករណីជាក់ស្តែងនៅក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប វិស័យអចលនទ្រព្យ និងវិស័យដែលរងផលប៉ះពាល់ផ្សេងទៀតជូនអតិថិជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ការប្តេជ្ញាចិត្តនេះបានធ្វើឡើង ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាបានរឹតបន្តឹងកិច្ចការពារអតិថិជន តាមរយៈ ការចេញសេចក្តីថ្លៃងការណ៍រួមនាដើមឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ និង ធនាគារជាតិនៃកម្ពុជា(NBC) ក្នុងការទប់ស្កាត់សកម្មភាពកម្ចីខុសច្បាប់ រួមទាំងការពង្រឹងនូវកិច្ចការពារអ្នកប្រើប្រាស់របស់គណៈកម្មការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប) នៃក្រសួងពាណិជ្ជកម្ម។

សូមបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និង កាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យនេះ ក៏បាននាំមកនូវ បញ្ហាប្រឈមមួយចំនួន ពិសេសក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ដែលទាមទារឱ្យគ្រប់ភាគីទាំងអស់រួមគ្នាដោះស្រាយ។ ហើយការប្តេជ្ញានាពេលនេះ គឺជាសខីភាពបង្ហាញនូវឆន្ទៈមុតមាំរបស់វិស័យ ដើម្បីធានាបាននូវកំណើនប្រកបដោយបរិយាបន្ន និងនិរន្តភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៕

To Top