ភ្នំពេញ៖ តាមរយៈកិច្ចសហការ ជាមួយសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា (CamCham) ក្រុមហ៊ុន អាយឌី ឃែភីថល (IDC), សហគ្រិនខ្មែរ (KE) និងសភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា (AmCham) ព្រមទាំងសមាគម វិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បានរៀបចំបេសកកម្ម ក្រៅប្រទេសមួយមានឈ្មោះថា “ទស្សនកិច្ចគណៈប្រតិភូធុរកិច្ច និងវិនិយោគិនកម្ពុជា ទៅសហរដ្ឋអាមេរិក” ដែលបានប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម បន្ទាប់ពីបញ្ចប់សន្និសីទសារព័ត៌មាន នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ពោលក្រោយបញ្ចប់បេសសកម្ម ដោយជោគជ័យ របស់គណៈប្រតិភូកម្ពុជា បានឲ្យដឹងថា គណៈប្រតិភូកម្ពុជា ចំនួនជាង ៩០នាក់ បានចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងសន្និសីទ ធុរកិច្ច ពិធីអបអរសាទរខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ទស្សនកិច្ចកំពង់ផែនទីក្រុងឡុងប៊ិច ទស្សនកិច្ចនៅផ្សារ ទំនើបអាស៊ី សិក្ខាសាលាអប់រំ ស្ដីពីតម្រូវការសំខាន់ៗ និងបែបបទពាក់ព័ន្ធ ក្នុងការនាំផលិតផលកសិកម្ម និងចំណីអាហារ ទៅកាន់សហរដ្ឋអាមេរិក។ ជាលទ្ធផល សមិទ្ធផលសំខាន់ៗជាច្រើន ។
ក្នុងដំណើរទស្សនកិច្ចនោះ ធុរកិច្ចជនកម្ពុជា ទទួលបានការចូលរួមពីអ្នកទស្សនាលើសពី ៥០០នាក់ ក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មកម្ពុជា និងសន្និសីទធុរកិច្ច ជាមួយនឹងក្រុមហ៊ុនដាក់តាំងផលិតផលជាង ៥០ស្តង់ ដែលមានអាជីវកម្ម និងផលិតផលផ្សេងៗដូចជា ផ្លែឈើស្រស់ និងកែច្នៃ ស្វាយចន្ទី គ្រឿងទេស គ្រឿងសម្អាង គ្រឿងតំហែទាំខ្លួនប្រាណ ទឹកមាត់ត្រចៀកកាំ និងប្រតិបត្តិករក្នុង សេវាភស្តុភារកម្ម ។ ដោយឡែក ផលិតផលជាច្រើន ដែលបានដាក់តាំងបង្ហាញ ត្រូវបានលក់ចេញស្ទើរតែទាំងអស់នៅអំឡុង និងបន្ទាប់ពីព្រឹត្តិការណ៍ពិព័រណ៍ ត្រូវបានបញ្ចប់។
អ្វីដែលជាផ្លែផ្កាសំខាន់មួយទៀតនោះ ផ្សារទំនើបអាស៊ីមួយ ដែលមានឈ្មោះថា ហ្សីនហ្វា (Shun Fat Supermarket) មានសាខាចំនួន២៦ នៅរដ្ឋ កាលីហ្វ័រញ៉ា ណេវ៉ាដា និងតិចសាស់ បានបង្ហាញចំណាប់អារម្មណ៍ និងជំហរយ៉ាងច្បាស់លាស់ ក្នុងការទទួលផលិតផលកសិកម្មកែច្នៃ និងផលិតផលចំណីអាហារពីកម្ពុជា តាមរយៈការរៀបចំរបស់សមាគម IDI។
ក្នុងនោះប្រតិភូមួយចំនួន បានធ្វើការសម្រេចចិត្តដ៏ច្បាស់លាស់ ក្នុងការបញ្ចូលដើមទុនបន្ថែម ដើម្បីវិនិយោគក្នុងការធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពនាំចេញរបស់ខ្លួន ដូចជាការធ្វើពិពធកម្ម លើផលិតផលផ្លែស្វាយ និងមៀន ការបង្កើត សេវាកម្មឃ្លាំងស្តុក ការកែលម្អផលិតផលគ្រឿងសំអាង និងតំហែទាំខ្លួនប្រាណ និងការកែច្នៃផ្លែឈើសម្ងួត។ល។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC បានមានប្រសាសន៍ថា “តាម រយៈការប្តេជ្ញាចិត្ត ក្នុងការគាំទ្រយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ ក្នុងការជំរុញការនាំចេញកសិផល និងផលិតផលចំណីអាហារ សមាគម IDI បានរៀបចំដំណើរទស្សនកិច្ចនេះឡើង ដើម្បីបង្កើតឱកាសជួបអ្នកបញ្ជាទិញ, បង្កើនការយល់ដឹង និងបទពិសោធន៍ ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមអំពីតម្រូវការមូលដ្ឋាន និងលក្ខខណ្ឌកត្តិយុត្ត ពាក់ព័ន្ធនឹងការនាំចេញ ក៏ដូចជាស្តង់ដារនៃការផលិត ស្តង់ដារអនាម័យ និងការវេចខ្ចប់ផលិតផលចំណីអាហារ សំដៅជំរុញការនាំចេញទៅសហរដ្ឋអាមេរិក” ។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា “សហរដ្ឋអាមេរិក គឺជាទីផ្សារចម្បងមួយ ដែលកំពុងធ្វើពាណិជ្ជកម្មជាមួយកម្ពុជា នឹងនៅតែបន្តជាគោលដៅនាំចេញ ដ៏សំខាន់សម្រាប់កម្ពុជា ។ យើងសង្ឃឹមថា តាមរយៈទស្សនកិច្ចរបស់យើង នឹងចាប់ផ្តើមឃើញបណ្តើរៗ នូវកសិផល និងផលិតផលចំណីអាហារ សក្តានុពលមួយចំនួន នៅបញ្ជីផលិតផលនាំចេញ ទៅសហរដ្ឋអាមេរិក ដែលសមិទ្ធផលនេះ នឹងចូលរួមបង្កើន នូវបរិមាណផលិតកម្ម និងប្រាក់ចំណូល សម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា” ។
ជាមួយគ្នានេះ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានឲ្យដឹងដែរថា “កន្លងមក សហគ្រិនខ្មែរ បានគាំទ្រ ដល់កម្មវិធីមួយចំនួនដែលបានរៀបចំដោយ សមាគមន៍ IDI តាមរយៈដំណើរប្រតិភូធុរកិច្ចកម្ពុជា ទៅសហរដ្ឋអាមេរិក ២ដង ក្នុងឆ្នាំ២០២៣ ដែលលើកទី១ នៅក្នុងខែមីណា ។ ការចូលរួមរបស់សហគ្រិនខ្មែរ ក្នុងគោលបំណងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ឲ្យសម្រេចបាននូវគោលដៅក្នុងការនាំចេញ តាមរយៈការតភ្ជាប់ ទំនាក់ទំនងរវាងម្ចាស់អាជីវកម្មក្នុងស្រុក និងអ្នកបញ្ជាទិញក្រៅប្រទេស ក៏ដូចជាវិនិយោគិននានា ក្នុងទីផ្សារសក្កានុពល” ។
សេចក្តីប្រកាសព័ត៌មានរួមខាងលើនេះ បានបញ្ជាក់ថា សមាគម IDI បានបង្កើតកិច្ចសហការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយស្ថាប័ដៃគូយុទ្ធសាស្ត្រចំនួនបួនរួមមាន៖ សភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា (CamCham) ក្រុមហ៊ុន Binex Line Corp (Binex) ក្រុមហ៊ន Innovative Medical Design Inc (IMD) និងក្រុមហ៊ុន Summa Franchise Consulting (Summa) ខណៈ MoUនេះ អនុញ្ញាតិឲ្យដៃគូទាំងអស់ សហការគ្នាយ៉ាងជិតស្និទ្ធដើម្បីច្រកពាណិជកម្មនវានុវត្តថ្មីមួយ សម្រាប់តភ្ជាប់ទីផ្សារកម្ពុជា និងសហរដ្ឋអាមេរិកតាមរយៈ “កម្មវិធីច្រកពាណិជ្ជកម្មអន្តរជាតិតែមួយ” ។កម្មវិធីនេះ នឹងដើរតួនាទីជាវេទិកាគន្លឹះមួយ ក្ុនងការផ្តល់នូវការគាំទ្រ និងជំនួយការដោយផ្ទាល់នៅក្នុងទីផ្សរអាមេរិក ក្នុងគោលបំណងលើកកម្ពស់ និងជំរុញទំហំពាណិជ្ជកម្ម នៃផលិតផលកសិកម្មអាហារ និងភេសជ្ជៈ ផលិតដោយអ្នកផលិតកម្ពុជា និងក្រុមហ៊ុនអាមេរិក៕