ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ប្រាប់រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទអាស៊ាន ពីការប្ដេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ អាស៊ានលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ “ការពង្រឹងសហគមន៍មូលដ្ឋាន និងការគាំពារសង្គមដើម្បីកាត់បន្ថយភាពក្រីក្រ” នៅប្រទេសសិង្ហបុរី លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់ទៅកាន់ រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទអាស៊ាន ពីការប្ដេជ្ញាចិត្តដ៏មោះមុត និងដាច់ខាត ក្នុងការបន្តរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ កម្ពុជា ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ឆាយ ឫទ្ធិសែន បានលើកឡើងអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និង ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងនិរន្តរភាព ដែល កំណើនសេដ្ឋកិច្ច ជាមធ្យមប្រមាណជាង៧% ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ជាមួយនឹងការកាត់ បន្ថយវិសមភាពសង្គមឱ្យកាន់តែរួមតូច អត្រានៃភាពក្រីក្ររបស់ប្រទេសបានថយចុះមកនៅត្រឹមក្រោម ១០% ហើយត្រៀមខ្លួនដើម្បីចាកចេញ ពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានបញ្ជាក់ «អំពីការ ប្ដេជ្ញាចិត្តដ៏មោះមុត និងដាច់ខាតក្នុងការបន្តរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងសមិទ្ធផលនៃបណ្តាអាណត្តិកន្លងមក រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងដ៏ត្រឹមត្រូវ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹង សម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០»៕

To Top