ព័ត៌មានជាតិ

តុល្យការចុងក្រោយ! អគ្គិភ័យនៅផ្សារចិន ក្រុងព្រះសីហនុ បណ្តាលឲ្យឆេះតូបលក់ដូរអស់ ៣០តូប និងប្រើប្រាស់ទឹកអស់ ៣០រថយន្ត ទើបរលត់

ភ្នំពេញ៖ គ្រោះអគ្គិភ័យនៅចំណុច មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ (ហៅផ្សារចិន) ស្ថិតក្នុងក្រុមទី៣០ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ បណ្តាលឲ្យឆេះតូបលក់ដូរ អស់ចំនួន៣០តូប និងប្រើប្រាស់ទឹកអស់៣០រថយន្ត ទើបរលត់នៅម៉ោង១២និង១៥នាទី ដោយពុំមានរាលដាល ដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងសហការី បានចុះចង្អុលបង្ហាញដោយផ្ទាល់ ក្នុងកិច្ចការអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ឲ្យទាន់សាភាពការណ៍ ។ ចំណែកលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាដោយផ្ទាល់ ទៅដល់កងកំលាំងពន្លត់អគ្គិភ័យ និងកងកំលាំងដែលពាក់ពន្ធ័ទាំងអស់ ចុះទៅជួយអន្តរាគមន៍ ឲ្យទាន់ពេលវេលា។

យោងតាមផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការ ពន្លត់អគ្គិភ័យនេះ មានការប្រើប្រាស់ នូវរថយន្តពន្លត់អគ្គិភ័យចំនួន ៩គ្រឿង (ស្នងការដ្ឋាននគរបាលខេត្ត ៣គ្រឿង,កងរាជអាវុធហត្ថខេត្ត ២គ្រឿង , កំពង់ផែស្វយ័តក្រុង ២គ្រឿង និងកងពលលេខ៧១១ចំនួន២គ្រឿង) ចេញអន្តរាគមន៍ពន្លត់មិនឲ្យរាលដាល ដោយប្រើប្រាស់ទឹកអស់ចំនួន ៣០រថយន្ត ទើបរលត់ នៅម៉ោង១២:១៥នាទី (បច្ចុប្បន្នកំពុងបាញ់ទឹកបន្ថែម ) ។
ករណីនេះកម្លាំងជំនាញ កំពុងស្រាវជ្រាវរកមូលហេតុ ដែលបណ្តាល ឲ្យកើតមានអគ្គិភ័យនេះឡើង ៕

To Top