ព័ត៌មានជាតិ

ជប៉ុន ផ្តល់ថវិកា៣០ម៉ឺនដុល្លារ សម្រាប់ជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី មានទឹកប្រាក់ស្មើនឹង ៣សែនដុល្លារ (៣០ម៉ឺនដុល្លារ) សម្រាប់ការងារជួសជុលឡើងវិញ ក៏ដូចជា ការអភិវឌ្ឍធនធានមនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងស្ថានទូតជប៉ុនប្រចាំកម្ពុជានាថ្ងៃ១២ ធ្នូ ។

សេចក្តីប្រកាសបន្តថា រដ្ឋាភិបាលជប៉ុនក៏បានផ្តល់ជំនួយលើសកម្មភាពនានា ក្នុងការថែរក្សា និងជួសជុលតំបន់ រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាពចម្បងតាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨ ៩៦៧ដុល្លារ។ បើនិយាយឲ្យលម្អិត រដ្ឋាភិបាលជប៉ុន បានជួយលើសម្ភារៈ និងឧបករណ៍ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១២។

សូមរំលឹកថា ចាប់ពីឆ្នាំ២០២០-២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារៈ និងឧបករណ៍មួយចំនួនសម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុក។ ភាគីទាំងពីរ ជឿជាក់ថា តាមរយៈគម្រោងដែលបានរៀបរាប់ទាំងនេះ ព្រមទាំងគម្រោងជំនួយថ្មី នឹងជួយផ្តល់សមត្ថភាពដល់សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា បានរៀនជំនាញវិជ្ជាជីវៈ កម្រិតខ្ពស់ ព្រមទាំងទទួលបានចំណេះដឹងតាមរ យៈកម្មវិធីកសាងសមត្ថភាព និងការបណ្តុះបណ្តាលការងារដោយការអនុវត្តជាក់ស្តែង។ លើលពីនេះ ភាគីទាំងពីរ សង្ឃឹមថា គម្រោងជំនួយថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក៕

To Top