ព័ត៌មានជាតិ

លោក ហេង សួរ ជំរុញសមាគមអតីត និស្សិតខ្មែរពីសាធារណរដ្ឋកូរ៉េ ពង្រីកសមាជិកភាព និងសកម្មភាពក្នុងសង្គម

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានជំរុញឱ្យសមាគមអតីត និស្សិតខ្មែរពីសាធារណរដ្ឋកូរ៉េ (ស.អ.ខ.ក./KAAC) ពង្រីកសមាជិកភាព សមាគម និងពង្រីកសកម្មភាព ជាមួយភាគីពាក់ព័ន្ធ ដើម្បីចូលរួមសកម្មភាព ក្នុងសង្គមជាតិ ។

ការជំរុញបែបនេះ បានធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រី និងលោកPark JungWook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយបងប្អូនអតីតនិស្សិតខ្មែរ ពីសាធារណរដ្ឋ
កូរ៉េចំនួន៦៥រូប ដែលកម្មវិធីនេះបានធ្វើឡើង នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងរាជធានីភ្នំពេញ ។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការបង្កើនចំនួនសមាជិកភាព ក្នុងក្រុមនឹងធ្វើឱ្យសមាគម អាចដើរតួនាទីកាន់តែសំខាន់បន្ថែមទៀត ក្នុងការរឹតចំណងមិត្តភាព វាងអតីតនិស្សិតខ្មែរទាំងអស់ ហើយសមាគមបញ្ញាវ័ន្តនេះ នឹងអាចចូលរួមចំណែកក្នុង ការពូនជ្រំទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែស្អិតរមួត ។

សូមបញ្ជាក់ថា សមាគមអតីតនិស្សិតខ្មែរ ពីសាធារណរដ្ឋកូរ៉េនេះ ត្រូវបានបង្កើតឡើង ដោយអតីតនិស្សិតខ្មែរមួយក្រុមកាលពីឆ្នាំ២០១៥ ដើម្បីជួបជុំអតីតនិស្សិតកម្ពុជា មកពីកូរ៉េ ដើម្បីអនុវត្តសកម្មភាពនានា ប្រកបដោយ ភាពវិជ្ជមាន ផ្អែកលើមូលដ្ឋានវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ សម្រាប់សង្គមជាតិ ៕

To Top