បរទេស៖ អនុប្រធានាធិបតី លោក Mike Pence បានប្រកាសកាលពីថ្ងៃសុក្រថា នាវាទេសចរណ៍ Grand Princess ដែលចតនៅឆ្នេរសមុទ្រ រដ្ឋកាលីហ្វ័រញ៉ា មានមនុស្សយ៉ាងហោចណាស់ ចំនួន ២១ នាក់ បានឆ្លងវីរុសកូវីដ១៩ ហើយមនុស្សទាំងអស់ ៣.៥២២ នាក់នឹងត្រូវបានធ្វើតេស្ដ រកមេរោគនេះបន្តទៀត។
យោងតាមសារព័ត៌មាន News York Post ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Pence ថា កប៉ាល់នេះ នឹងត្រូវចតនៅកំពង់ផែ មិនមែនពាណិជ្ជកម្ម ដើម្បីជួយសម្រួល ដល់ការធ្វើតេស្តិ៍ អ្នកដំណើរដើម្បីធានាថា ពួកគេមិនចម្លងមេរោគ កូវីដ១៩ ។ មានតែមនុស្ស ៤៦ នាក់ នៅលើនាវាទេសចរណ៍ដ៏ធំប៉ុណ្ណោះ ដែលត្រូវបានធ្វើតេស្តរកមេរោគ។
ក្នុងចំណោមអ្នកឆ្លង គឺមាន ១៩ នាក់ជានាវិកនិង ២ នាក់ជាអ្នកដំណើរ។ ក្រុមមន្ត្រីបាននិយាយ នៅឯសន្និសីទសារព័ត៌មានមួយ នៅឯសេតវិមានថា មនុស្ស ២២ នាក់ផ្សេងទៀត ដែលជិះលើនាវាទេសចរណ៍នេះ ត្រូវបានគេធ្វើតេស្ត៍ អវិជ្ជមាន ហើយម្នាក់ទៀត មិនមានលក្ខណៈគ្រប់គ្រាន់ទេ។
សូមជម្រាបថា កប៉ាល់ដែលផ្ទុកនាវិកចំនួន ១.១០០ នាក់និងអ្នកដំណើរ ២.៦០០ នាក់បានចាកចេញ ពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ដើម្បីជិះកម្សាន្ត ទៅកាន់កោះហាវ៉ៃ។ ការធ្វើទស្សនកិច្ច ដែលបានគ្រោងទុក ទៅកាន់ប្រទេសម៉ិចស៊ិកូ ពេលត្រឡប់មកវិញ ត្រូវបានលុបចោល បន្ទាប់ពីអ្នកដំណើរម្នាក់ ដែលធ្វើដំណើរតាមកប៉ាល់ មុនទៅកាន់ម៉ិចស៊ិកូ – បានស្លាប់ ដោយសារវីរុសនេះ៕
ប្រែសម្រួលៈ ណៃ តុលា