តូក្យូ៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលនាំផ្លូវ ជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន កាលពីថ្ងៃពុធ ដែលជាការកត់សម្គាល់ ការបាញ់បង្ហោះ មីស៊ីលនាំផ្លូវ លើកទី៥ របស់ខ្លួននៅឆ្នាំនេះ។
នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា មីស៊ីលត្រូវបានបាញ់នៅម៉ោងប្រហែល ៩ ព្រឹក ចូលទៅក្នុងដែនទឹកភាគឦសាននៃទីក្រុងកំពង់ផែ Wonsan ភាគខាងកើតប្រទេស។
កូរ៉េខាងជើង បានធ្វើការសាកល្បងមីស៊ីល ជាបន្តបន្ទាប់ចាប់តាំងពីចុងខែមករាមក ។ បន្ទាប់ពីមួយលើកចុងក្រោយ កាលពីដើមខែនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានរាយការណ៍ថា ខ្លួនបានធ្វើការសាកល្បង មីស៊ីលនាំផ្លូវ ដែលមាន “ក្បាលគ្រាប់ធំ” ក៏ដូចជាការសាកល្បង កាំជ្រួចប្រឆាំង យន្តហោះថ្មី នៅសមុទ្រលឿង។
ក្នុងអំឡុងពេលជុំកន្លងមក ទីក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីល នាំផ្លូវយុទ្ធសាស្រ្ត Pulhwasal-3-31 ថ្មីរបស់ខ្លួន ក៏ដូចជាមីស៊ីលនាំផ្លូវ Hwasal-2 ដែលត្រូវបានគេជឿថា មានសមត្ថភាពផ្ទុកក្បាល គ្រាប់នុយក្លេអ៊ែរ ៕
ប្រែសម្រួល ឈូក បូរ៉ា
Kyodo