ព័ត៌មានជាតិ

ក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group របស់អូស្ត្រាលីបានបង្ហាញបំណងវិនិយោគ លើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ ទីផ្សារក្រៅប្រទេស ។

ក្នុងជំនួបលោកនាយកប្រតិបត្តិ ក្រុមហ៊ុន SunRice Group បានបានលើកឡើងថា SunRice Group ជាក្រុមហ៊ុន អូស្រ្តាលី ទី១ ដែលបាននាំអង្ករពីកម្ពុជា មកកាន់អូស្រ្តាលី និងនូវ៉ែលសេឡង់ ។ ព្រមគ្នានេះដែរ លោកនាយកប្រតិបត្តិ បានកត់សម្គាល់ឃើញថា កម្ពុជាមានសក្ដានុពល លើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះ ល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិ ប្រកួតប្រជែងខ្ពស់លើកម្លាំង ពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គិសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរ។

ផ្អែកលើសក្ដានុពលទាំងនេះ ក្រុមហ៊ុន លោកមានចំណាប់អារម្មណ៍ពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគ លើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងពង្រីកសកម្មភាព វិនិយោគរបស់ខ្លួននៅកម្ពុជា លើឧស្សាហកម្មកែច្នៃអង្ករ សម្រាប់បម្រើឲ្យការនាំចេញ ហើយសម្ដេចធិបតី ក៏បានបញ្ជាក់ ជូនក្រុមហ៊ុនថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ដាក់ពង្រាយមន្ត្រីជំនាញកសិកម្ម នៅតាមមូលដ្ឋានឃុំ-សង្កាត់ទូទាំងប្រទេស ដើម្បីគាំទ្រ ដល់ប្រជាកសិករដល់មូលដ្ឋាន លើផ្នែកបច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផល កសិកម្មនៅតាមមូលដ្ឋាន ។

បន្ថែមពីនេះ​ សម្ដេចធិបតី ក៏បានបញ្ជាក់ជូន លោកនាយកប្រតិបត្តិក្រុមហ៊ុន អំពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលលើការពង្រីក ហេដ្ឋារចនាសម្ព័ន្ធដឹកញ្ជូន និងប្រព័ន្ធឡូជីស្ទីក និងគោលនយោបាយអភិវឌ្ឍន៍ វិស័យថាមពលអគ្គិសនីនៅកម្ពុជា ដោយសម្ដេចធិបតីសង្កត់ថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងផ្ដោតអាទិភាពលើការប្រើប្រាស់ ថាមពលស្អាត និងថាមពលកកើតឡើងវិញផងដែរ ដើម្បីគាំទ្រដល់សកម្មភាពធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែមានសមត្ថភាពប្រកួតប្រជែង និងផ្តល់ភាពងាយស្រួល ក្នុងការតភ្ជាប់ ក៍ដូចជាកាត់ថ្លៃដឹកជញ្ជូន។

សម្តេចធិបតី ក៏បានលើកទឹកចិត្តក្រុមហ៊ុន ទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀត ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ៕

To Top