ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត ដល់ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា បង្កើត “ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី (Cambodia-Australia’s Business Council)” ។
ក្នុងជំនួបនេះ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានជម្រាបជូនសម្ដេចធិបតី ថាក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាងឱ្យវិស័យឯកជន ដែលមានក្រុមហ៊ុនឯកជនធំៗ របស់អូស្ត្រាលីជាង ១២០ ក្រុមហ៊ុន ដោយផ្ដល់ឱកាសការងារ ជាង ១លាន កន្លែង។
លោកនាយកប្រតិបត្តិ ក៏បានជម្រាបជូនសម្ដេចធិបតី ផងដែរថា ក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការ ជាមួយនឹងបណ្តាសមាគម និងក្រុមធុរកិច្ច ព្រមទាំងផ្នែកពាក់ព័ន្ធនានា នៃរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួល ក្នុងការធ្វើធុរកិច្ចររវាងវិស័យឯកជនអូស្ត្រាលី ជាមួយនឹងបណ្តាប្រទេសនានា ហើយបច្ចុប្បន្ននេះក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានទំនាក់ទំនងការងារ ជាមួយនឹងបណ្ដាប្រទេសជាច្រើន ដែលក្នុងនោះរួមមានបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ានផងដែរ។
បន្ថែមពីនេះ លោកនាយកប្រតិបត្តិ បានបញ្ជាក់អំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មរវាងអូស្ត្រាលី និងកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ អំពីតួនាទីរបស់វិស័យឯកជន នៅក្នុងការចូលរួមចំណែក កសាងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច របស់កម្ពុជា។ សម្តេចធិបតីក៏បានបញ្ជាក់ ទៅកាន់លោកនាយកប្រតិបតិ្តថា ជំនួបនាថ្ងៃនេះ ជាឱកាសដែលអាចជំរុញឱ្យវិស័យឯកជន នៃប្រទេសអូស្ត្រាលីស្វែងយល់ និងពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះបំណង របស់ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី ក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាធុរកិច្ច
អូស្ត្រាលី ជាមួយនឹងកម្ពុជា ហើយសម្ដេចធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បើកចំហទ្វារស្វាគមន៍គ្រប់ធុរកិច្ច និងធ្វើជាស្ពានក្នុងការសម្របសម្រួល និងការធានានូវបរិយាកាស វិនិយោគនៅកម្ពុជាផងដែរ។
ជាងនេះទៅទៀត សម្តេចធិបតី ក៏បានលើកឡើង អំពីគោលនយោបាយ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានការលើកទឹកចិត្ត ដល់វិស័យឯកជន ដែលមកវិនិយោគនៅកម្ពុជា ស្របពេលដែលកម្ពុជា បានភ្ជាប់ទំនាក់ទំនង ក្នុងកិច្ចសហប្រតិបត្តិការទៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសនានា នៅក្នុងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងកម្រិតទ្វេភាគី និងពហុភាគី ផងដែរ។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង និងលើកទឹកចិត្ត ឱ្យមានការវិនិយោគផងដែរលេីវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គុំអគ្គីសនី និងគ្រឿងបង្គុំរថយន្ត រួមទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍ផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
មុននឹងបញ្ចប់ សម្ដេចធិបតី និងលោកនាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានឯកភាពគ្នានៅក្នុងការ បង្កើតនូវយន្តការមួយបន្ថែមទៀតគឺ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី (Cambodia-Australia’s Business Council) ដើម្បីសម្របសម្រួល និងអាចជំរុញវិស័យពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូស្រ្តាលី ដោយសម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី បន្តធ្វើកិច្ចសហការទៅលើការរៀបចំ នូវយន្តការនេះជាមួយនឹងក្រសួងពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា ៕