តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានច្រានចោលការអះអាង “គ្មានមូលដ្ឋាន” របស់មន្ត្រីសហរដ្ឋអាមេរិក អំពីកិច្ចសហប្រតិបត្តិការអវកាសរបស់ទីក្រុងតេអេរ៉ង់ ជាមួយទីក្រុងមូស្គូ។
លោកបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ខណៈពេលដែលមានប្រតិកម្ម ចំពោះការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក Matthew Miller ដែលក្នុងនោះលោកបានពណ៌នាការបាញ់បង្ហោះផ្កាយរណបអ៊ីរ៉ង់នាពេលថ្មីៗនេះដោយប្រទេសរុស្ស៊ីថាជា “ការចង្អុលបង្ហាញមួយផ្សេងទៀតនៃការធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយោធា” រវាងប្រទេសទាំងពីរ ដែលបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែន អ្នកជិតខាងរបស់អ៊ីរ៉ង់ និងសហគមន៍អន្តរជាតិ។
លោក Kanaani បានលើកឡើងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងយោធារវាងអ៊ីរ៉ង់ និងរុស្ស៊ី គឺផ្អែកលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ ក៏ដូចជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
លោកបានសង្កត់ធ្ងន់ថា “វាជាសិទ្ធិរបស់ប្រទេសនានាក្នុងការសហការក្នុងក្របខ័ណ្ឌនៃបទប្បញ្ញត្តិ និងច្បាប់អន្តរជាតិ។ យើងច្រានចោលទាំងស្រុងនូវការអះអាងដែលធ្វើឡើងដោយអាជ្ញាធរសហរដ្ឋអាមេរិក ហើយចាត់ទុកថាពួកគេគ្មានមូលដ្ឋាន” ។
លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការនឹងបន្តនៅក្នុងក្របខ័ណ្ឌរបស់ខ្លួន ហើយមិនប្រឆាំងនឹងភាគីទីបីណាមួយឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានជោគជ័យក្នុងការដាក់ផ្កាយរណបដែលត្រូវបានអភិវឌ្ឍក្នុងស្រុក ដែលមានឈ្មោះថា Pars-1 ចូលទៅក្នុងគន្លងចម្ងាយ ៥០០គីឡូម៉ែត្រតាមរយៈការបាញ់បង្ហោះរ៉ុក្កែត Soyuz នៅភាគខាងកើតប្រទេសរុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា