ព័ត៌មានអន្តរជាតិ

ប្រទេសចិន បង្ហាញទិសដៅកំណើនឆ្នាំ២០២៤ ដោយផ្តោតលើការអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់

រូបភាពពី៖​ XINHUA

ប៉េកាំង៖ ប្រទេសចិន ស្វែងរកការសម្រេចបាននូវអត្រាកំណើនផលិតផលក្នុងស្រុកសរុបប្រហែល ៥ ភាគរយសម្រាប់ឆ្នាំ២០២៤ ដែលជាសញ្ញាចុងក្រោយបង្អស់ ដែលថាប្រទេសមហាអំណាចទីពីររបស់ពិភពលោកបានប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ទោះបីជាមានភាពមិនប្រាកដប្រជាក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ។

គោលដៅដែលបានគ្រោងទុក ដែលនៅតែមិនផ្លាស់ប្តូរពីគោលដៅកំណើនកាលពីឆ្នាំមុន គឺជាគោលដៅអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាល ដែលផ្តល់ដោយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង ទៅកាន់សភាជាតិ ដែលបានចាប់ផ្តើមសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃអង្គារ។

របាយការណ៍បាននិយាយថានៅឆ្នាំ២០២៤ ប្រទេសចិនមានគោលបំណងបង្កើតការងារជាង ១២លាននៅក្នុងតំបន់ទីក្រុង ហើយរក្សាអត្រាអ្នកអត់ការងារធ្វើនៅទីក្រុង ដែលបានស្ទង់មតិនៅប្រហែល ៥,៤ភាគរយ។

ប្រទេសនេះក៏មានគម្រោងចំណាយ ១,៦៦៥៥៤ពាន់ពាន់លានយន់ (ប្រហែល ២៣៤,៥ ពាន់លានដុល្លារអាមេរិក) លើវិស័យការពារជាតិ កើនឡើង ៧,២ ភាគរយ និងកំណត់គោលដៅអតិផរណាប្រហែល ៣ភាគរយ។

គោលដៅកំណើនផលិតផលក្នុងស្រុកសរុបប្រហែល ៥ ភាគរយសម្រាប់ឆ្នាំនេះត្រូវបានកំណត់បន្ទាប់ពីសេដ្ឋកិច្ចចិន បង្ហាញពីភាពរឹងមាំនិងភាពធន់នៅឆ្នាំ២០២៣ ដោយបានកត់ត្រាកំណើន ៥,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

លោក លី បានលើកឡើងថា “នៅក្នុងការកំណត់អត្រាកំណើនប្រហែល ៥ភាគរយ យើងបានគិតគូរពីតម្រូវការក្នុងការជំរុញការងារ និងប្រាក់ចំណូល និងការពារ និងកាត់បន្ថយហានិភ័យ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top