ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ ស្ត្រីនៅតែជាដៃគូមិនអាចខ្វះបាន និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើង ក្នុងឱកាសអបអរ ទិវា៨មីនាថា បច្ចុប្បន្ននេះ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ ។

ការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងពិធីអបអរសាទរ ខួប លើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល នៅសាលារាជធានីភ្នំពេញនា ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានលើកឡើងថា “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ជាប្រធានបទមួយ មានគោលបំណងរំលេច អំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការ វិវឌ្ឍរបស់សេដ្ឋកិច្ច-សង្គម ស្របទៅនឹងចក្ខុវិស័យ ដែលបានចង្អុលបង្ហាញ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។

លោក ឃួង ស្រេង បន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល តែងគាំទ្រលើកកម្ពស់ និងជំរុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាព អភិវឌ្ឍជាតិមាតុភូមិ តាមរយៈការបង្កើនចំនួនស្ត្រី ជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងមុខតំណែងជាថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាព គ្រប់លំដាប់ថ្នាក់។

លោកអភិបាលរាជធានីភ្នំពេញ បានអះអាងថា “បងប្អូននារី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ បានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ច ជូនជាតិមាតុភូមិពី ដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាច នឿយហត់ និងបានចូលរួមចំណែកជាច្រើន ក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍរាជធានីភ្នំពេញ រហូតទទួលបានជោគជ័យ យ៉ាងធំធេងជាបន្តបន្ទាប់”។

លោក ឃួង ស្រេង បញ្ជាក់ថា “បច្ចុប្បន្ននេះ នារី នៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមចំណែកលើកកម្ពស់សិទ្ធិនារី និងកុមារយ៉ាងសំខាន់ ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការយកចិត្ត ទុកដាក់លើទុរគតជន-ក្មេងកំព្រា និងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងសកម្មភាពមនុស្សធម៌ ជាច្រើនទៀត”។

សូមរំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ មានមន្ត្រីរាជការ ក្របខណ្ឌសរុបចំនួន ២៩៧ រូប ក្នុងនោះ នារីមាន ចំនួន ១០៣រូប ស្មើនឹង ៣៤,៧% កំពុងកាន់មុខតំណែង ជាសមាជិកាក្រុមប្រឹក្សារាជធានី អភិបាលរងរាជធានី នាយករងរដ្ឋបាល អនុប្រធានការិយាល័យ ប្រជាពលរដ្ឋ នាយិកា-នាយិការង ទីចាត់ការ-អង្គភាព និងថ្នាក់ការិយាល័យ ដោយបានបំពេញការងារ និងទទួលខុសត្រូវ លើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ យ៉ាងសកម្មបំផុត៕

To Top