ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៥ ខែមីនា ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចូលឈ្មោះសមាជិកថ្មីនៃរបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ១៦៦ ២៨០នាក់។ នេះបើតាមការបញ្ជាក់ពី លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ១៦៦ ២៨០នាក់ ក្នុងនោះមានបុគ្គលស្វ័យនិយោជន៍ចំនួន ១៣៦ ៧៤៥នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ២៩ ៥៣៥នាក់។ រហូតមកទល់ពេលនេះសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវាមានចំនួន១០៨ ៣១៧ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ២ ៩៧០,៦៣លានរៀល។
លោកលើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ខែ វិច្ឆិកា២០២៣កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មផងដែរ។
ចំពោះការចុះយុទ្ធនាការតាមក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនបានសរុបចំនួន៤ ៧៣៧លើក ដែលមានអ្នកចូលរួមចំនួន ១ ៣៨៨ ៣៦៣ នាក់ និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ៥០ ៤៥៩ដង និងចំនួនចូលទស្សនាចំនួន ៣ ៨៧៦ ០៦០ ដង។
លោក ហេង សុផាន់ណារិទ្ធ ក៏បានគូសបញ្ជាក់ដែរថា បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស.ផងដែរ មានន័យថា កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីពេទ្យសាធារណ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនឹងផ្តល់ប្រាក់វិភាជន៍បូជាសព។
លោកលើកឡើងថា ការអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារគឺជាការគិតគួរដល់សុខមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុនដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្តានុពលភាពនាពេលអនាគត៕