ព័ត៌មានជាតិ

អភិបាលខណ្ឌ២រូប ត្រូវបានតែងតាំង​ ជាប្រធានគណៈកម្មាធិការ​ គណបក្សប្រជាជនកម្ពុជា​ ខណ្ឌមានជ័យ និងពោធិ៍សែនជ័យ

ភ្នំពេញ៖ លោក សេង គន្ធ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការ​ គណបក្សប្រជាជនកម្ពុជា​ ខណ្ឌមានជ័យ ខណៈលោក​ សក់ ច័ន្ទកញ្ញារិទ្ធ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ ខណ្ឌពោធិ៍សែនជ័យ​ ។

ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក​ ឃួង ស្រេង​ សមាជិកគណៈកម្មាធិការកណ្ដាល​ គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានគណៈកម្មាធិការ​ គណបក្សប្រជាជនកម្ពុជា​ រាជធានីភ្នំពេញ​ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ក្នុងឱកាសនេះ​លោក​ ឃួង ស្រេង​ បានអរគុណចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់​ ដែលបានលះបង់ អស់កម្លាំងកាយចិត្ត​ ដើម្បីគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោត​ ជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ​ ក្នុងការដឹកនាំប្រទេសជាតិ រហូតមកដល់ពេលនេះ។

លោក​ ឃួង ស្រេង បានស្នើឱ្យប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា​ ខណ្ឌទាំង២ បន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ ពិសេសធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព។​ បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ បង្រ្កាបគ្រឿងញៀន​ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទៅតាមអនុសាសន៍ណែនាំ​ របស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

លោក​ ឃួង ស្រេង ក៏បានជំរុញគណបក្សខណ្ឌ សង្កាត់ត្រូវ ផ្ដល់សេវា ជូនប្រជាពលរដ្ឋឲ្យបានលឿននិងមានតម្លាភាព ដើម្បីអោយប្រជាពលរដ្ឋ គោរពស្រលាញ់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា មានឱកាសអភិវឌ្ឍន៍ប្រទេស សម្រេចបាន នូវចក្ខុវិយ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ជាមួយគ្នានេះ​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ ទាំងពីរខាងលេី​ បានប្ដេជ្ញាចិត្តគាំទ្រ សម្ដេចតេជោ​ ហ៊ុន សែន​ ជាប្រធានគណបក្សប្រជាជនកម្ពុជារហូត ។ ប្តេជ្ញា ចិត្តគោរពច្បាប់ បំពេញការងារឲ្យបានល្អឆ្លើយតបទៅនឹងតម្រូវការ​ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន អនុវត្តនៅអភិក្រម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។

ប្តេជ្ញាបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿន​ និងមានតម្លាភាព ពង្រឹងសាមគ្គីភាពផ្ទៃក្នុង​ឱ្យបានល្អ។​ ពង្រឹងការអនុវត្តធ្វើអោយភូមិសង្កាត់ មានសុវត្ថិភាព។​ ប្ដេជ្ញាកសាងសមាជិកបក្សទៅតាមផែនការរបស់គណបក្ស និងគៀងគរ សមាជិកគណបក្សឲ្យបានច្រើន ដោយសមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក៕

To Top