ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន ជំរុញ​ឲ្យ​មាន​ការ​ចរចា​ជា​មុន អំពី​វិបត្តិ​អ៊ុយក្រែន ដើម្បី​នាំ​មក​នូវ​សន្តិភាព​ក្នុងពេលឆាប់ៗ

រូបភាពពី៖​ XINHUA

ប៉េកាំង៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​លោក វ៉ាង យី បានជំរុញ​ឲ្យ​មាន​ការ​ចរចា​ជា​មុន​អំពី​វិបត្តិ​អ៊ុយក្រែន ដើម្បី​នាំ​មក​នូវ​សន្តិភាព​នៅ​ពេល​ឆាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបញ្ជាក់ថា ប្រទេសចិន នឹងគាំទ្រដល់ការប្រារព្ធធ្វើសន្និសីទសន្តិភាពអន្តរជាតិមួយ ដែលត្រូវបានទទួលស្គាល់ដោយរុស្ស៊ី និងអ៊ុយក្រែន និងធានាឱ្យមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគី និងការពិភាក្សាដោយស្មើភាពលើផែនការសន្តិភាពទាំងអស់ ។

នៅក្នុងនោះដែរ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងអនុវត្តគោលនយោបាយគ្មានទិដ្ឋាការ សម្រាប់ប្រទេសស្វីស អៀរឡង់ ហុងគ្រី អូទ្រីស បែលហ្ស៊ិក និងលុចសំបួ លើមូលដ្ឋានសាកល្បង ចាប់ពីថ្ងៃទី ១៤ ខែមីនា។

លោក វ៉ាង យី បានប្រាប់សន្និសីទសារព័ត៌មានមួយនៅខាងក្រៅសម័យប្រជុំលើកទី២ ថា “យើងសង្ឃឹមថា ប្រទេសជាច្រើនទៀតក៏នឹងផ្តល់ការសម្របសម្រួលទិដ្ឋាការដល់ពលរដ្ឋចិន និងធ្វើការជាមួយយើងផងដែរ ដើម្បីបង្កើតបណ្តាញផ្លូវល្បឿនលឿន សម្រាប់ការធ្វើដំណើរឆ្លងព្រំដែន និងលើកទឹកចិត្តឱ្យដំណើរការជើងហោះហើរអន្តរជាតិឡើងវិញយ៉ាងឆាប់រហ័ស” នៅក្នុងសមាជប្រជាជនជាតិលើកទី១៤ នីតិប្បញ្ញត្តិជាតិរបស់ប្រទេសចិន។

លោក​បាន​បន្ត​ថា ការ​ធ្វើ​បែប​នេះ​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​ពលរដ្ឋ​ចិន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស និង​ធ្វើ​ឲ្យ​មិត្ត​ភ័ក្តិ​បរទេស​មាន​អារម្មណ៍​នៅ​ក្នុង​ប្រទេស​ចិន៕​ប្រែសម្រួល ឈូក បូរ៉ា

To Top