ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ លោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិ នៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ បានលើកឡើងថា កម្ពុជា ជាប្រទេសដៃគូដ៏ល្អបំផុត ក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិ នៃគ្រួសារទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ។
ក្នុងឱកាសនៃជំនួប លោកស្រី Ann Mills-Griffiths បានចូលរួមអបអរសារទរចំពោះជោគជ័យ នៃដំណើរបំពេញបេសកកម្មការងាររបស់ សម្តេចធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះដែរ លោកស្រី ក៏បានផ្តាំផ្ញើការសួរសុខទុកជូនចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានអបអរសាទរចំពោះជ័យជម្នះ នៃការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ កាលពីថ្ងៃទី២៥ខែកុម្ភៈកន្លងមក។
លោកស្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងពេញទំហឹង ចំពោះសកម្មភាពរបស់សហព័ន្ធជាតិ នៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមណជាង ៣២ ឆ្នាំមកនេះ។ ជាងនេះទៅទៀត លោកស្រីបានសង្កត់ធ្ងន់ថា «កម្ពុជា គឺជាដៃគូដ៏ល្អបំផុតក្នុងការគាំទ្រ សកម្មភាពការងាររបស់សហព័ន្ធជាតិ នៃគ្រួសារទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍ ដែលនេះជាកាយវិការមនុស្សធម៌ និងបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រួសារទាហានដែលបានបាត់ខ្លួន ដោយកម្ពុជាបានបែកចែកយ៉ាងច្បាស់ រវាងការងារមនុស្សធម៌ និងបញ្ហានយោបាយ»។
ទន្ទឹងនឹងនេះ លោកស្រី ក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពីអ្នកដែលត្រូវបន្តការងារ បន្ទាប់ពីលោកស្រីបញ្ចប់ភារកិច្ច គីលោក Mark Stephensen ដែលលោកនឹងត្រូវបន្តកិច្ចសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតីស្វាគមន៍ចំពោះ លោកស្រី Ann Mills-Griffiths និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ សកម្មភាពការងាររបស់សហព័ន្ធជាតិ នៃគ្រួសារទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍ នាពេលកន្លងមក។
សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការ គាំទ្រការងារបស់សហព័ន្ធលោកស្រី ហើយរាជរដ្ឋាភិបាលនឹងខិតខំបន្ថែមទៀត ក្នុងការសម្របសម្រួលលើសកម្មភាពនេះ ឲ្យសម្រេចបានជោគជ័យ ទោះបីជានៅតំបន់ខ្លះនៅមាន លក្ខណៈស្មុគស្មាញក៏ដោយ។
ទន្ទឹមគ្នានេះ សម្តេចធិបតីបញ្ជាក់ជូនលោកស្រីថា ជាមួយនឹងបទពិសោធន៍ដ៏ច្បាស់លាស់ និងយូរអង្វែងរាជរដ្ឋាភិបាលនឹងប្រគល់ភារកិច្ចជូន លោក ប៉ុល សារឿន បន្តទៀតក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និង ស្រឡាញ់ ចំពោះក្រុមគ្រួសារនៃទាហានដែលបានបាត់ខ្លួន ៕