បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេបញ្ជាការកងទ័ពជើងគោកបាននិយាយថា អ៊ុយក្រែនគ្រោងនឹងរៀបចំកងទ័ពរបស់ខ្លួន ឡើងវិញ និងចាប់ផ្តើមការវាយលុកថ្មីមួយទៀតនៅក្នុងអំឡុងឆ្នាំនេះ។
ថ្លែងទៅកាន់បណ្តាញសារព័ត៌មាន ICTV កាលពីថ្ងៃពុធ ឧត្តមសេនីយឯក Aleksandr Pavlyuk បាននិយាយថា
គោលដៅសំខាន់បំផុតគឺបញ្ឈប់ការជឿនលឿនរបស់រុស្ស៊ី និងប្រមូលផ្តុំអង្គភាពអ៊ុយក្រែនឡើងវិញ ដូច្នេះកងកម្លាំងដែលហត់ នឿយអាចត្រូវដកថយពីជួរមុខ និងបំពេញបន្ថែមជំនួសមកវិញ។
បន្ទាប់មក វានឹងអនុញ្ញាតឱ្យកងកម្លាំងរបស់រដ្ឋាភិបាលក្រុងគៀវ ក្នុងការបង្កើតក្រុមធ្វើការវាយប្រហារថ្មី និងអនុវត្តសកម្មភាពទៅ តាមផែនការដែលបានកំណត់លើកនេះ។
គួរឲ្យដឹងដែរថាកងទ័ពអ៊ុយក្រែនបាននិងកំពុងបាត់បង់ដីនៅ Donbass ជាកន្លែងដែលកងកម្លាំងរុស្ស៊ីបានដណ្តើមយកទីក្រុង Avdeevka និងជាតំបន់ដែលត្រូវបានគេស្គាល់ថាមានកំពែងរឹងមាំកាលពីខែមុនដោយ ការខាតបង់នេះបានកើតឡើងចំពេលដែលទីក្រុងគៀវ មានការខ្វះខាតគ្រាប់រំសេវកាន់តែអាក្រក់ និងការពន្យារពេលក្នុងការផ្តល់ជំនួយយោធាលោកខាងលិច៕ ប្រែសម្រួល៖ស៊ុនលី