ព័ត៌មានជាតិ

លោក​ ហេង សួរ៖ ការអភិវឌ្ឍជំនាញ គឺជាគន្លឹះរួមចំណែកឱ្យកម្ពុជាទាក់ទាញវិនិយោគបន្ថែម

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការអភិវឌ្ឍជំនាញ បច្ចេកទេសវិជ្ជាជីវៈ គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាង សមត្ថភាពពលរដ្ឋកម្ពុជា ឱ្យក្លាយជាកម្លាំងពលកម្ម ជំនាញដែលមានផលិតភាព ខ្ពស់សម្រាប់ទាក់ទាញ ការវិនិយោគបន្ថែម និងជាជន្ទុលដ៏រឹងមាំ សម្រាប់កម្ពុជា ប្រែក្លាយជាប្រទេសរីកចម្រើន នាពេលខាងមុខ ។ នេះគឺជាការលើកឡើង របស់លករដ្ឋមន្ត្រីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធីអភិវឌ្ឍន៍ជំនាញ សម្រាប់សេដ្ឋកិច្ចនាពេលអនាគត”ដែលធ្វើឡើងនៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

នៅចំពោះមុខដៃគូអន្តរជាតិ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) លោករដ្ឋមន្ត្រី បានពន្យល់ថា ការបណ្តុះបណ្តាលជំនាញនេះ នឹងធ្វើឱ្យកម្ពុជាក្លាយ ទៅជាប្រទេសដែលសម្បូរ ដោយកម្លាំងពលកម្ម ជំនាញប្រកប ដោយភាពទាក់ទាញ សម្រាប់វិនិយោគបរទេស ដែលកំពុងបង្វែរការបោះទុន មកកាន់តំបន់អាស៊ីអាគេ្នយ៍ ហើយតាមរយៈជំនាញរបស់ពលរដ្ឋ និងការ វិនិយោគនេះ កម្ពុជានឹងធ្វើឱ្យកម្ពុជាប្រែក្លាយ ជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានរំលេច ក្នុងពិធីប្រកាសដែរថា ការអភិវឌ្ឍជំនាញ គឺពិតជាឆ្លើយតបទៅនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ព្រមទាំងឆ្លើយតបទៅនឹង ស្ថានភាពបច្ចុប្បន្ន ដែលនឹង ជួយដោះស្រាយគម្លាតជំនាញ និង កង្វះខាតជំនាញ ក្នុងឧស្សាហកម្ម ដែលជាជន្ទុលដ៏រឹង មាំសម្រាប់ឱ្យកម្ពុជា ក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ច ពឹងផ្អែកលើជំនាញ៕

To Top